ភ្ញៀវទេសចរដែលប្រើសម្លៀកបំពាក់បុរាណខ្មែរខុសពីទម្រង់ដើម មិនអនុញ្ញាតឲ្យចូលទស្សនាតំបន់អង្គរឡើយ
អាជ្ញាធរជាតិអប្សរា បានដាក់កំហិតថា ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦តទៅ ចំពោះសម្លៀកបំពាក់បុរាណដែលច្នៃខុសពីទម្រង់ដើមនៃបែបផែនខ្មែរ ឬគ្មានក្បួនខ្នាតត្រឹមត្រូវ គឺមិនអនុញ្ញាតឱ្យចូលទៅទស្សនាតំបន់អង្គរទៀតឡើយ។
មន្រ្តីអាជ្ញាធរជាតិអប្សរា សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប អាជ្ញាធរដែនដី និងប៉ូលិសការពារបេតិកភណ្ឌ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានចុះជួបសំណេះសំណាល ជាមួយក្រុមអាជីវករដែលបម្រើសេវាកម្មជួលសម្លៀកបំពាក់បែបបុរាណខ្មែរឱ្យភ្ញៀវទេសចរ។
អាជ្ញាធរបានណែនាំដល់អាជីវករឲ្យយល់ដឹងពីរចនាបថ និងក្បួនខ្នាតសម្លៀកបំពាក់បុរាណខ្មែរ ហើយជៀសវាងការប្រើប្រាស់សម្លៀកបំពាក់ ឬគ្រឿងតុបតែងដែលបម្រើឲ្យវប្បធម៌បរទេស និងអាចប៉ះពាល់ដល់អត្តសញ្ញាណវប្បធម៌ជាតិ។
លោក ចាន់ សោភ័ន មន្ត្រីជំនាញផ្នែកសិល្បៈបុរាណខ្មែរនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប សង្កេតឃើញថា បច្ចុប្បន្នសម្លៀកបំពាក់បុរាណប្រហែល ៧០% ដែលអាជីវករជួលនៅមុខប្រាសាទអង្គរវត្ត មានការកែច្នៃខុសពីទម្រង់ដើម។ ជាពិសេស ឈុតបុរាណទាំងនេះប្រើកំណាត់ និងគ្រឿងអលង្ការ នាំចូលពីថៃ ដែលលោកចាត់ទុកថាមិនស្របតាមប្រពៃណីខ្មែរ។
លោក ចាន់ សោភ័ន ពន្យល់ថា ការស្លៀកពាក់តាមបែបបុរាណខ្មែរ គឺត្រូវតែប្រើកំណាត់និងគ្រឿងអលង្ការរបស់ខ្មែរ មានទម្រង់ច្បាស់លាស់ទៅតាមឋានៈ យសសក្ដិ រាប់ចាប់ពីព្រះមហាក្សត្រដល់រាស្រ្តសាមញ្ញ។ លោកបានលើកជាឧទាហរណ៍ថា សម្លៀកបំពាក់ហូលដែលធ្វើពីសូត្រ គឺសម្រាប់ព្រះមហាក្សត្រ ម្ចាស់ក្សត្រី រីឯកំណាត់ល្បើក និងលើ្បកជ័រជើង សម្រាប់ឋានៈសេដ្ឋី គហបតី ហើយកំណាត់ត្បាញពីកប្បាស សម្រាប់មនុស្សសាមញ្ញ។
លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ការប្រើប្រាស់សម្លៀកបំពាក់បុរាណមិនត្រឹមត្រូវ បានរងការរិះគន់ជាបន្តបន្ទាប់ និងប៉ះពាល់ដល់តម្លៃវប្បធម៌ខ្មែរ។ លោកបានអំពាវនាវឲ្យអាជីវករកាត់បន្ថយ និងឈានទៅបញ្ឈប់ការប្រើកំណាត់នាំចូលពីបរទេស ជាពិសេសកំណាត់ដែលនាំចូលពីប្រទេសថៃ។
អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ការប្រើប្រាស់សម្លៀកបំពាក់ឈុតបុរាណ ដែលប្រើប្រាស់កំណាត់មកពីថៃ ត្រូវបញ្ចប់ជាស្ថាពរនៅតំបន់អង្គរ ត្រឹមខែមករា ឆ្នាំ២០២៧ខាងមុខ៕
សេង បារាំង + ទួន សុផល






