អ្នកឃ្លាំមើលគាំទ្រថ្នាក់ដឹកនាំកម្ពុជាដែលបន្តជម្រាបមេដឹកនាំ និងអង្គទូតបរទេសអំពីជំហរដោះស្រាយជម្លោះជាមួយថៃ
អ្នកឃ្លាំមើលសង្គមបានសម្តែងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបន្តជម្រាបជូនមេដឹកនាំ និងអង្គទូតនៃបណ្តាប្រទេសនានា អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងបញ្ជាក់ជាបន្តបន្ទាប់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់។
ការគាំទ្រនេះ ធ្វើឡើងបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជម្រាបជូនឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា Stefan Messerer អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងជំនួបសម្តែងការគួរសម កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ សម្តេចបានបញ្ជាក់ជាថ្មីពីជំហរ របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។
ដោយឡែក ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក៏បានជម្រាបជូនឯកឧត្តម ឧត្តមសេនីយ៍ត្រី Frederick Choo អគ្គលេខាធិការរងទទួលបន្ទុកនយោបាយ នៃក្រសួងការពារជាតិសិង្ហបុរី ក្នុងជំនួបនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អំពីជំហររបស់កម្ពុជាក្នុងការដោះស្រាយជម្លោះជាមួយថៃ ដោយកម្ពុជាមិនទទួលយកការប្រើប្រាស់កម្លាំង ដើម្បីកែប្រែបន្ទាត់ព្រំដែនជាដាច់ខាត។
លោកបណ្ឌិត មាស នី អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម យល់ឃើញថា កម្ពុជាកំពុងអនុវត្តការទូតក្នុងទិសដៅត្រឹមត្រូវ ដោយបន្តជម្រាបមេដឹកនាំ និងអង្គទូតបរទេសអំពីការវិវត្តថ្មីៗនៃស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហានេះ។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរងនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់កម្ពុជា ដែលបន្តលើកឡើងអំពីជំហររបស់ខ្លួនក្នុងជំនួបជាមួយមេដឹកនាំ និងអង្គទូតនៃបណ្តាប្រទេសនានា ដើម្បីស្វែងរកដំណោះស្រាយជម្លោះជាមួយប្រទេសថៃ។
ចំណែកលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ និងអ្នកវិភាគផ្នត់គំនិតនៅកម្ពុជា ក៏បានសម្តែងការគាំទ្រចំពោះយុទ្ធសាស្ត្រការទូតរបស់កម្ពុជាបែបនេះផងដែរ។
សូមបញ្ជាក់ថា មេដឹកនាំ និងអង្គទូតនៃបណ្តាប្រទេសនានា បានបន្តសម្តែងការគាំទ្រចំពោះការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ ជាក់ស្តែង ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងថ្មីៗនេះ អគ្គលេខាធិការរងទទួលបន្ទុកនយោបាយនៃក្រសួងការពារជាតិសិង្ហបុរី សុទ្ធតែបានសម្តែងការគាំទ្រគោលជំហររបស់កម្ពុជា បន្ទាប់ពីថ្នាក់ដឹកនាំ និងមេទ័ពកម្ពុជា បានជម្រាបជូនពួកគេអំពីការវិវត្តថ្មីៗនៃស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ។
សេង បារាំង AMS


