សម្តេច ម៉ែន សំអន អញ្ជើញប្រកាសទទួលស្គាល់ការបំពេញបន្ថែមសមាសភាពសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ក្រសួងមុខងារសាធារណៈ
ភ្នំពេញ៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ការបំពេញបន្ថែមសមាសភាព គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ក្រសួងមុខងារសាធារណៈ ដែលពិធីនេះត្រូវបានរៀបចំឡើងនៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦
នៅក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសសាខាសមាគមនារីប្រចាំក្រសួង បានគូសបញ្ជាក់ថា ការបំពេញបន្ថែមសមាសភាពជាផ្លូវការនាពេលនេះ គឺដើម្បីបន្តពង្រឹងយន្តការដឹកនាំ ការសម្របសម្រួល និងការអនុវត្តការងារឱ្យកាន់តែមានភាពរស់រវើក និងប្រសិទ្ធភាព។ ឯកឧត្តមបានបន្តថា ក្រសួងជានិច្ចកាលតែងតែគិតគូរលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី។ ជាក់ស្តែង គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៦ នេះ មន្ត្រីរាជការស៊ីវិលជាស្ត្រីនៅទូទាំងប្រទេសមានចំនួនជាង ១០ម៉ឺននាក់ (១០១,៤៩៥ នាក់) ត្រូវជា ៤៣% នៃមន្ត្រីសរុប។ ក្នុងនោះស្រ្តីដែលកាន់មុខតំណែងចាប់ពីថ្នាក់ការិយាល័យ រហូតដល់ថ្នាក់អគ្គនាយក មានចំនួនជាង ១ម៉ឺន ២ពាន់នាក់ (១២,៣៤២ នាក់) គឺស្មើនឹង ២៦%។
មានប្រសាសន៍ក្នុងឱកាសនេះដែរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ លោកជំទាវ ឆាយ ថងឌី ហ៊ុនម៉ានី ដែលត្រូវបានតែងតាំងជាអនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ក្រសួងមុខងារសាធារណៈ។ទន្ទឹមនឹងនោះ សម្តេចប្រធានសមាគមក៏បានផ្តល់ការណែនាំ និងផ្តាំផ្ញើមួយចំនួនដល់ថ្នាក់ដឹកនាំ និងសមាសភាពថ្មី ដោយត្រូវចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយភាពឆ្លាតវៃ ព្រមទាំងត្រូវគោរព និងអនុវត្តតាមលក្ខន្តិកៈសមាគមនារីឱ្យបានខ្ជាប់ខ្ជួន។ លើសពីនេះ ត្រូវខិតខំការពារផលប្រយោជន៍ និងបន្តដោះស្រាយបញ្ហាប្រឈមនានារបស់ស្ត្រី ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីជាស្ត្រី ពិសេសពាក់ព័ន្ធនឹងផ្នែកព័ត៌មានវិទ្យា។
សម្តេចកិត្តិសង្គហបណ្ឌិតបានសង្កត់ធ្ងន់លើការដោះស្រាយការងារផ្ទៃក្នុង ដោយត្រូវពង្រឹងរចនាសម្ព័ន្ធ ពង្រីកសមាជិក ខិតខំចលករធនធានថវិកាគាំទ្រសកម្មភាពនារី និងផ្សារភ្ជាប់ផែនការសកម្មភាពសមាគមជាមួយកិច្ចការស្នូលរបស់ក្រសួង។ ជាពិសេស ត្រូវបន្តថែរក្សា និងពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ព្រមទាំងសកម្មក្នុងការចូលរួមសកម្មភាពមនុស្សធម៌ និងការងារអភិវឌ្ឍន៍សង្គមនានា ដើម្បីរួមចំណែកថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕
ដោយ៖ង៉ាន ទិត្យ
រូបភាព៖រិន រចនា















