អាល្លឺម៉ង់ កើបលុយជិត ១៦ ពាន់លានដុល្លារ ពីការនាំចេញអាវុធ នៅឆមាសទី១
ប៊ែរឡាំង ៖ យោងតាមទិន្នន័យបណ្តោះអាសន្នដែលត្រូវបានប្រកាសកាលពីថ្ងៃពុធ បានឱ្យដឹងថា
ប្រទេសអាល្លឺម៉ង់បានអនុម័តលើអាជ្ញាប័ណ្ណនាំចេញអាវុធ និងបរិក្ខារយោធាមានតម្លៃប្រមាណ ១៥,៩ ពាន់លានដុល្លារ នៅឆមាសទី១ នៃឆ្នាំ២០២៦ ក្នុងនោះអ៊ុយក្រែន គឺជាប្រទេសនាំចូលកំពូល ។ នេះបើតាមទិន្នន័យបណ្តោះអាសន្នបង្ហាញកាលពីថ្ងៃ ពុធ ។
យោងតាមក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់, គិតចាប់ពីខែមករា ដល់ខែមិថុនា រដ្ឋាភិបាលបានអនុញ្ញាតឱ្យនាំចេញអាវុធសង្គ្រាមមានតម្លៃប្រហែល ១០,៩៦ ពាន់លានដុល្លារ និងសម្ភារយោធាផ្សេងទៀតមានតម្លប្រហែល ៤,៩១ ពាន់លានដុល្លារ ។
ក្នុងនោះ អ៊ុយក្រែនបាននាំចូលអាវុធមានតម្លៃប្រហែល ២,៨៥ ពាន់លានដុល្លារ ដែលធ្វើឱ្យប្រទេសនេះក្លាយជាគោលដៅនាំចេញធំបំផុតសរុប និងជាប្រទេសក្រៅសហភាពអឺរ៉ុប ដែលទទួលបានអាវុធច្រើនជាងគេបង្អស់ ។
រដ្ឋាភិបាលអាល្លឺម៉ង់ បានថ្លែងអះអាងថា ការលក់អាវុធទាំងនេះ មានគោលបំណងគាំទ្រដល់ការការពារខ្លួនរបស់អ៊ុយក្រែន ប្រឆាំងនឹងសង្គ្រាមឈ្លានពានដ៏ខុសច្បាប់របស់រុស្ស៊ី ។
ចំណែកឯអ៊ីស្រាអែលបានស្ថិតនៅចំណាត់ថ្នាក់ទី៦ ក្នុងចំណោមប្រទេសគោលដៅនាំមុខគេ ដោយបាននាំចូលអាវុធមានតម្លៃប្រហែល ៩១២ លានដុល្លារ ។
ដោយឡែក បណ្តាប្រទេសទទួលអាវុធឈានមុខគេផ្សេងទៀតពីការនាំចេញរបស់អាល្លឺម៉ង់ ក្នុងឆ្នាំ២០២៦នេះ រួមមានសហរដ្ឋអាមេរិក ហូឡង់ សាធារណរដ្ឋឆែក លីទុយអានី ឡាតវី ន័រវែស អេស្តូនី និងស្លូវេនី ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា