មូលនិធិគន្ធបុប្ផា និងពហុកីឡដ្ឋានជាតិមរតកតេជោ រៀបចំការប្រគំតន្ត្រីសប្បុរសធម៌ដើម្បីកុមារ
មូលនិធិគន្ធបុប្ផាកម្ពុជា សហការជាមួយពហុកីឡដ្ឋានជាតិមរតកតេជោ និងដៃគូឯកជន នឹងរៀបចំការប្រគំតន្ត្រីសប្បុរសធម៌ដ៏ធំមួយក្រោមប្រធានបទ «បេះដូងមួយ សំឡេងមួយ ដើម្បីគន្ធបុប្ផា» ក្នុងគោលបំណងកៀរគរថវិកាទ្រទ្រង់ការព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផា និងរួមគ្នាបង្កើតភាពញញឹមជូនកុមារកម្ពុជា។
ក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អ្នករៀបចំកម្មវិធីបានប្រកាសថា ការប្រគំតន្ត្រីសប្បុរសធម៌នេះនឹងប្រព្រឹត្តក្នុងពេលឆាប់ៗខាងមុខ ទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានការចូលរួមពីស្ថាប័នរដ្ឋ វិស័យឯកជន សិល្បករ និងអ្នកបង្កើតមាតិកាល្បីៗ ក្នុងគោលដៅរួមគ្នាគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា។
កម្មវិធីនេះរៀបចំឡើងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា និងការអំពាវនាវជាបន្តបន្ទាប់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីស្វែងរកថវិការមកធានានិរន្តរភាពនៃការផ្តល់សេវាព្យាបាលប្រកបដោយគុណភាពជូនកុមារ និងស្ត្រីមានផ្ទៃពោះ។
ឯកឧត្តម សេង តុលា អគ្គនាយកពហុកីឡដ្ឋានជាតិមរតកតេជោ បានមានប្រសាសន៍ថា កម្មវិធីនេះគឺជាការបង្ហាញពីកម្លាំងសាមគ្គីរវាងវិស័យរដ្ឋ វិស័យឯកជន និងសិល្បករ ដែលរួមគ្នាបរិច្ចាគពេលវេលា ជំនាញ និងធនធាន ដើម្បីគាំទ្របុព្វហេតុមនុស្សធម៌។
ចំណែកលោក ឃាន តួក ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផាទាំងបីទីតាំងនៅភ្នំពេញ និងសៀមរាប ត្រូវការថវិកាប្រមាណ ១២ម៉ឺនដុល្លារអាមេរិកក្នុងមួយថ្ងៃ ឬប្រមាណ ៤៥ ទៅ ៤៦លានដុល្លារក្នុងមួយឆ្នាំ ដើម្បីបន្តផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងគ្មានការរើសអើងជូនទារក កុមារ និងស្ត្រីមានផ្ទៃពោះ។
លោកបានបន្ថែមថា ទោះបីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» លើកទី៣ ទទួលបានថវិកាបរិច្ចាគជាង ៦,៣លានដុល្លារ ពីសប្បុរសជនប្រមាណ ៣៥ម៉ឺននាក់ ក៏ដោយ ក៏ការចំណាយរបស់មន្ទីរពេទ្យនៅតែមានជារៀងរាល់ថ្ងៃ។
តំណាងមូលនិធិគន្ធបុប្ផាកម្ពុជាបានអំពាវនាវដល់សាធារណជន ជាពិសេសយុវជន ឱ្យចូលរួមទិញសំបុត្រចូលរួមការប្រគំតន្ត្រីសប្បុរសធម៌នេះឱ្យបានច្រើន ដើម្បីរួមចំណែករក្សានិរន្តរភាពនៃការព្យាបាលកុមារកម្ពុជា និងបង្ហាញពីស្មារតីសាមគ្គី និងការចែករំលែកក្នុងសង្គម។
អ្នករៀបចំកម្មវិធីក៏បានរំលឹកពាក្យស្លោករបស់មូលនិធិថា «ភាពញញឹមរបស់កុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា» ដោយអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបរួមគ្នាបង្កើតភាពញញឹម និងក្តីសង្ឃឹមសម្រាប់កុមារកម្ពុជា។
បច្ចុប្បន្ន សំបុត្រចូលរួមការប្រគំតន្ត្រីបានបើកលក់ហើយតាមប្រព័ន្ធកក់សំបុត្ររបស់ដៃគូ ហើយគណៈកម្មការរៀបចំរំពឹងថា នឹងទទួលបានការគាំទ្រយ៉ាងផុលផុសពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី៕


ដោយ៖ង៉ាន់ ទិត្យ