ភ្លៀងធ្លាក់ ជួយសង្គ្រោះស្រូវដែលរងការខ្វះខាតទឹកនៅក្នុងខេត្តចំនួន៣
កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ភ្លៀងធ្លាក់នៅប៉ុន្មានថ្ងៃចុងក្រោយនេះបានជួយសង្គ្រោះស្រូវដែលរងការខ្វះខាតទឹកនៅក្នុងខេត្តចំនួន៣ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប។
នៅខេត្តទាំង៣នេះ ដំណាំស្រូវសរុបចំនួនជិត ៤ម៉ឺន ៥ពាន់ហិកតា កំពុងប្រឈមនឹងការខ្វះខាតទឹក ដោយសារស្រូវទាំងនោះគឺពឹងផ្អែកលើទឹកភ្លៀង។ ប៉ុន្តែពុំមានស្រូវរងការខូចខាតនៅឡើយទេ។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ការធ្លាក់ភ្លៀងជាបន្តបន្ទាប់កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះបានធ្វើឱ្យស្រូវដែលកំពុងខ្វះខាតទឹក មានឱកាសលូតលាស់ឡើងវិញ។ ប៉ុន្តែស្រូវខ្លះទៀតនៅប្រឈមការខ្វះខាតទឹក។
លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានបញ្ជាក់ថា ក្នុងខេត្តបាត់ដំបងមានផលប៉ះពាល់ស្រូវស្រាលចំនួន ១៧ ៦០៣ហិកតា ស្រូវធ្ងន់ ៧២០ហិកតា និងស្រូវកណ្តាលចំនួន ៣៩ហិកតា។ ស្រូវដែលរងខ្វះខាតទឹកភាគច្រើនស្ថិតនៅស្រុកមោងឬស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល។
លោក ឈឹម វជិរា បាននិយាយថា មានតែដំណាំស្រូវក្នុងស្រុកឯកភ្នំតែមួយប៉ុណ្ណោះ ដែលទទួលបានទឹកភ្លៀងសង្រ្គោះគ្រប់គ្រាន់ ខណៈស្រូវនៅក្នុងស្រុកផ្សេងៗកំពុងតែស្ថិតនៅក្រោមការតាមដាន។
បើតាមប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង នៅចំពោះមុខនេះ ថ្នាក់ដឹកនាំបានចាត់ចែងឱ្យមន្ទីរជំនាញ ជាពិសេសមន្ទីរធនធានទឹក ស្វែងរកប្រភពទឹក និងត្រៀមអន្តរាគមន៍ជួយសង្គ្រោះស្រូវ ដែលរងផលប៉ះពាល់។
លោក ឈឹម វជិរា ពន្យល់ថា គ្រោះរាំងស្ងួតនៅរដូវវស្សានេះ គឺបណ្តាលមកពីកម្ពុជារងបាតុភូតអែលនីញ៉ូ និង អែលនីញ៉ា ដែលធ្វើឱ្យតំបន់ខ្លះមានភ្លៀងរលឹម ហើយតំបន់ខ្លះទៀតមិនមានភ្លៀងធ្លាក់រហូតដល់១០ថ្ងៃ ទៅកន្លះខែ ខណៈកម្រិតទឹកក្នុងអាងស្តុកទឹកមានចំនួនតិចតួច និងត្រូវបានបង្ហូរប្រើប្រាស់អន្តរាគមន៍ស្រោចស្រង់អស់ហើយ នៅសល់តិចតួចទុកសម្រាប់ប្រើប្រាស់។ ជាមួយគ្នានេះ ស្រែដែលរងផលប៉ះពាល់មានចម្ងាយឆ្ងាយពីប្រព័ន្ធលំហូរទឹក៕
សៅ សុខអេង







