កម្ពុជាសាកល្បងបញ្ជូនពលករខ្មែរទៅធ្វើការនៅវៀតណាម
កម្ពុជា សម្រេចសាកល្បងនាំពលករខ្មែរ ទៅធ្វើការក្នុងវិស័យសំណង់ នៅប្រទេសវៀតណាម ដោយទទួលបានប្រាក់ឈ្នួលចន្លោះពី ៦០០ដុល្លារ ទៅជាង ១ ៣០០ដុល្លារ តាមជំនាញ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
នេះគឺជាការចាប់ផ្តើមបើកទីផ្សារការងារក្រៅប្រទេសថ្មីមួយទៀត បន្ទាប់ពីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ កាលពីឆ្នាំមុន ដែលបានធ្វើឲ្យពលករខ្មែរភាគច្រើនត្រូវបង្ខំចិត្តត្រឡប់មកស្រុកកំណើតវិញ។
លោកបណ្ឌិត មាស នី អ្នកតាមដានសង្គម ក៏បានកត់សម្គាល់ពីសក្ដានុពលនៃកម្លាំងពលកម្មរបស់កម្ពុជា ដែលកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីប្រទេសដទៃ។ លោកយល់ឃើញថា នេះឱកាសល្អសម្រាប់កម្ពុជា និងជារឿងចាំបាច់ដែលរដ្ឋាភិបាលត្រូវធ្វើ ហើយលោកសង្ឃឹមថា ពលករដែលទៅធ្វើការនៅក្រៅប្រទេសទាំងអស់នឹងទទួលបានការបណ្ដុះបណ្ដាលជំនាញច្បាស់លាស់ជាមុន។

ស្រដៀងគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍គំនិត និងការស្រាវជ្រាវ យល់ឃើញថានេះជាការសាកល្បងដ៏ល្អសម្រាប់ពលករកម្ពុជា។ លោករំពឹងថា ពលករដែលទៅធ្វើការនៅក្រៅប្រទេសនឹងទទួលបានការបណ្ដុះបណ្ដាលជំនាញត្រឹមត្រូវជាងមុន ហើយពួកគេនឹងត្រឡប់មកកម្ពុជាវិញជាមួយបទពិសោធន៍ការងារ ដែលអាចលើកកម្ពស់សេដ្ឋកិច្ចជាតិ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យក្រុមហ៊ុន ផេស៊ីហ្វិក អ៊ឹមផ្លយម៉ិន អេជេន ដែលជាភ្នាក់ងារជ្រើសរើសឯកជន ធ្វើការសាកល្បងក្នុងការជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរ ទៅធ្វើការក្នុងវិស័យសំណង់នៅប្រទេសវៀតណាម នៅក្រុមហ៊ុនសំណង់ SONG DA 5 JOINT STOCK COMPANY។
បើតាមក្រសួងការងារ លក្ខខណ្ឌជ្រើសរើស ផ្តោតលើបុរសអាយុពី ២៣ឆ្នាំ ដល់ ៣៩ឆ្នាំ ដែលមានបទពិសោធន៍ការងារផ្នែកសំណង់ រួមមាន ជាងផ្សារ ជំនាញបេតុង អ្នកបញ្ជាគ្រឿងចក្រ និងវិស្វករសំណង់ស៊ីវិល។ អ្នកចេះភាសាវៀតណាម នឹងទទួលបានអាទិភាព។ ក្រសួងមិនបានបញ្ជាក់ពីចំនួនពលករដែលវៀតណាមត្រូវការនោះទេ៕
ខន ណារី AMS

