UN ដង្ហើយរកជំនួយជិត ១០០ លានដុល្លារ ជួយ វេណេស៊ុយអេឡា
ហ្សឺណែវ ៖ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃ សុក្រ បានដង្ហើយសុំថវិកាប្រមាណ ៩៨ លានដុល្លារ យកទៅជួយសង្គ្រោះបន្ទាន់ដល់ប្រជាជនរងផលប៉ះពាល់ ពីការរញ្ជួយដីដ៏បំផ្លិចបំផ្លាញនៅប្រទេសវេណេស៊ុយអេឡា ។
ការអំពាវនាវនេះ កើតឡើងក្រោយវេណេស៊ុយអេឡាបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ពីគ្រោះរញ្ជួយដីដ៏កក្រើកចំនួន ២ លើកផ្ទួនៗគ្នា ពោលគឺក្នុងកម្រិត ៧.២រ៉ិកទ័រ និង ៧.៥ រ៉ិកទ័រ កាលពីថ្ងៃទី២៤ ខែមិថុនា ដែលបង្កឱ្យមានការបំផ្លិចបំផ្លាញយ៉ាងដំណំ និងការបាត់បង់អាយុជីវិតមនុស្សរាប់ពាន់នាក់ ។
បើតាម Anadolu, អង្គការអន្តរជាតិទេសន្តប្រវេសន៍អន្តរជាតិ ហៅកាត់ IOM បាននិយាយថា ថវិកាទាំងនេះ នឹងប្រើប្រាស់លើការផ្គត់ផ្គង់ជម្រកបណ្តោះអាសន្ន ការសង្គ្រោះជីវិត ការថែទាំសុខភាព និងគាំទ្រដល់ការស្តារសហគមន៍រងគ្រោះឡើងវិញ ក្នុងដំណាក់កាលដំបូង ។
ជាពិសេស ជួយគាំទ្រដល់សេវាថែទាំសុខភាព ជំនួយផ្នែកចិត្តសាស្ត្រ ប្រព័ន្ធទឹកស្អាត និងអនាម័យ ព្រមទាំងកិច្ចការពារសុវត្ថិភាពជនរងគ្រោះនៅតាមបណ្តារដ្ឋដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ។
ប្រធានបេសកកម្មរបស់ទីភ្នាក់ងារ IOM ប្រចាំវេណេស៊ុយអេឡា លោកស្រី Lia Poggio បាននិយាយថា ប្រជាជនប្រទេសនេះ បានបង្ហាញពីភាពអត់ធ្មត់ និងការតស៊ូដ៏គួរឱ្យកត់សម្គាល់ ប៉ុន្តែការស្តារគ្រប់យ៉ាងឱ្យវិលទៅដើមវិញ នឹងត្រូវចំណាយពេលយូរ ហើយត្រូវការការគាំទ្រជាបន្តបន្ទាប់ ។
ចាប់តាំងពីកើតមានគ្រោះមហន្តរាយធម្មជាតិនេះ អង្គការ IOM បានជួយសង្គ្រោះប្រជាជនវេណេស៊ុយអេឡាជិត ៦,០០០ នាក់ ឱ្យរស់នៅក្នុងជម្រកសមូហភាព និងបានផ្តល់សេវាគាំទ្រជាង ១០,០០០ ករណី រួមមានការស្នាក់នៅបណ្តោះអាសន្ន ការថែទាំសុខភាព និងជំនួយការពារសុវត្ថិភាពជាដើម ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា