អ៊ីរ៉ង់ ផ្អាកគោរព MOU ក្រោយចោទ អាមេរិក រំលោភការប្តេជ្ញាចិត្ត
តេហេរ៉ង់ ៖ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បានប្រកាសកាលពីថ្ងៃ សៅរ៍ ថា ប្រទេសអ៊ីរ៉ង់បានសម្រេចចិត្តផ្អាកការប្តេជ្ញាចិត្តរបស់ខ្លួន នៅក្នុងការគោរពតាមអនុស្សរណៈយោគយល់គ្នា ឬ MoU នាពេលថ្មីៗនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានរំលោភបំពានលើការប្តេជ្ញាចិត្តរបស់ខ្លួនដូចដែរ ។
បើតាមប្រព័ន្ធផ្សព្វផ្សាយ Fars របស់អ៊ីរ៉ង់, លោក Gharibabadi បានបញ្ជាក់យ៉ាងដូច្នេះថា សហរដ្ឋអាមេរិកបានរំលោភបំពាន និងផ្អាករាល់ការប្តេជ្ញាចិត្តទាំងអស់របស់ខ្លួន នៅក្នុងក្របខ័ណ្ឌនៃអនុស្សរណៈយោគយល់គ្នាទីក្រុងអ៊ីស្លាម៉ាបាដ ។
អនុប្រមុខការទូតកំពូលអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា យើងក៏បានផ្អាកការប្តេជ្ញាចិត្តរបស់យើងដូចគ្នាដែរ ហើយយើងនឹងមិនគោរពតាម MoU ទៀតឡើយ ពីព្រោះយើងកំពុងជាប់រវល់ការពារប្រទេសជាតិខ្លួនឯង ។
ការអះអាងបែបនេះរបស់លោក Gharibabadi ត្រូវបានធ្វើឡើងចំពេលភាពតានតឹងកំពុងពុះកញ្ជ្រោលខ្លាំងឡើងក្នុងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ជាកន្លែងដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តការប្រយុទ្ធតបតគ្នាទៅវិញទៅមក ។
ការប៉ះទង្គិចគ្នាផ្នែកយោធាសាជាថ្មីនេះ បានកើតឡើង បើទោះបីជាមានអនុស្សរណៈយោគយល់គ្នា ដែលត្រូវបានចុះហត្ថលេខាកាលពីខែ មិថុនា ក្រោមការសម្របសម្រួលពីសំណាក់ប៉ាគីស្ថាន ដើម្បីបញ្ចប់សង្គ្រាម និងឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងក៏ដោយ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា