អ៊ីស្រាអែល ចង់បង្កើតរោងចក្រផលិតមីស៊ីលសម្រាប់សំណាញ់មេឃ Iron Dome នៅ ឥណ្ឌា
ហ៊្សេរុយសាឡឹម ៖ ក្រុមហ៊ុនផលិតអាវុធរដ្ឋ Rafael របស់អ៊ីស្រាអែល កំពុងស្ថិតក្រោមកិច្ចពិភាក្សាជាមួយក្រុមហ៊ុនការពារជាតិឯកជនរបស់ឥណ្ឌា ដើម្បីបង្កើតខ្សែសង្វាក់ផលិតកម្មផលិតគ្រាប់មីស៊ីលស្ទាក់ចាប់ Tamir ដែលជាគ្រាប់រំសេវស្នូលរបស់ប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល ។
ប្រសិនបើការចរចានេះទទួលជោគជ័យជាផ្លូវការ វានឹងធ្វើឱ្យឥណ្ឌាក្លាយជាប្រទេសទី៣ ក្នុងពិភពលោក បន្ទាប់ពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដែលមានសមត្ថភាពផលិតមីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃដ៏ល្បីល្បាញមួយនេះ ។
បើតាម Jerusalem Post, ការដែលអ៊ីស្រាអែលចង់បង្កើតខ្សែសង្វាក់ផលិតកម្មផលិតគ្រាប់មីស៊ីល Tamir នៅឥណ្ឌា គឺដោយសារតែជម្លោះក្នុងតំបន់នាពេលបច្ចុប្បន្ន បានធ្វើឱ្យស្តុកមីស៊ីលស្ទាក់ចាប់របស់អ៊ីស្រាអែលថយចុះយ៉ាងខ្លាំង ដូច្នេះ អ៊ីស្រាអែលត្រូវការបង្កើនសមត្ថភាពផលិតជាបន្ទាន់ ។
ហើយអ្វីដែលសំខាន់នោះ បង្កើតខ្សែសង្វាក់ផលិតកម្មផលិតគ្រាប់មីស៊ីល Tamir នៅឥណ្ឌា នឹងជួយការពារខ្សែសង្វាក់ផ្គត់ផ្គង់ពីការវាយប្រហារដោយផ្ទាល់ពីសំណាក់សត្រូវរបស់អ៊ីស្រាអែលនៅតំបន់មជ្ឈិមបូព៌ា ។
ម្យ៉ាងវិញទៀត គម្រោងនេះទៀតសោត នឹងបង្វែរទំនាក់ទំនងការពារជាតិរវាងឥណ្ឌា និងអ៊ីស្រាអែល ពីអ្នកទិញ និងអ្នកលក់ ទៅជាការរួមគ្នាផលិតជាសកល ពិសេស វាមិនត្រឹមតែបម្រើដល់តម្រូវការរបស់អ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងក្លាយជាមជ្ឈមណ្ឌលសម្រាប់នាំចេញមីស៊ីលសម្រាប់សំណាញ់មេឃ Iron Dome ទៅកាន់ប្រទេសទីបីផងដែរ ។
យ៉ាងណាមិញ កិច្ចពិភាក្សានេះ បាននឹងកំពុងស្ថិតក្នុងដំណាក់កាលចរចាកម្រិតខ្ពស់នៅឡើយ ហើយកិច្ចព្រមព្រៀងជាផ្លូវការចុងក្រោយ រវាងរដ្ឋាភិបាលអ៊ីស្រាអែល និងឥណ្ឌា ក៏មិនទាន់ត្រូវបានប្រកាសជាសាធារណៈផងដែរ ៕
ប្រភព ៖ Jerusalem Post ប្រែសម្រួល ៖ ឈឹម ទីណា

