ស្មៅយក្ស៖ របរថ្មីផ្តល់ចំណូលខ្ពស់ដល់កសិករ
ភ្នំពេញ៖ដំណាំស្មៅយក្ស ឬ Giant King Grass ដែលជាប្រភេទស្មៅថ្មីមានប្រយោជន៍ច្រើនយ៉ាងដូចជាធ្វើជាចំណីសត្វ ,ធ្វើធ្យូង និងធ្វើជី កំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យប្រជាកសិកររកប្រាក់ចំណូលបានខ្ពស់ ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន SEN KRRI ECOPARK ដែលជាក្រុមហ៊ុនទទួលទិញស្មៅយក្សបានឱ្យដឹងថា ដំណាំប្រភេទនេះលូតលាស់លឿនដោយអាចមានកម្ពស់លើសពី៤ ម៉ែត្រ និងប្រមូលផលបានក្នុងរយៈពេលត្រឹមតែ ១៩៥ ថ្ងៃឬជាង៦ខែ ។ចំណែកទិន្នផលក្នុងផ្ទៃដី ១ ហិកតា ដំណាំនេះអាចផ្តល់ស្មៅស្រស់ចន្លោះពី ៣៧៥ ទៅ ៤០០ តោន និងអាចបង្កើតចំណូលជូនកសិករបានប្រមាណ ២០ លានរៀល ឬស្មើនឹងប្រមាណជាង ៥ពាន់ដុល្លារក្នុងមួយឆ្នាំ។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន កាលពីពេលថ្មីៗនេះបានអញ្ជើញចុះផ្សព្វផ្សាយជំរុញភាពស្អាត និងភាពបៃតងនៅតាមសហគមន៍មូលដ្ឋាន នៅសហគមន៍ភ្នំទំព័រ ស្រុកវាលវែង ខេត្តពោធិ៍សាត់បានលើកឡើងអំពីដំណាំថ្មី គឺស្មៅយក្ស។ឯកឧត្តមបានឱ្យដឹងថា ក្រសួងបរិស្ថានបានសិក្សាទីតាំងរួចរាល់ និង បានសម្រេចរៀបចំគម្រោងដាំស្មៅយក្សនេះនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ក្នុងឆ្នាំ២០២៦ នេះ ដើម្បីជួយឱ្យពលរដ្ឋមានអុសសម្រាប់ប្រើប្រាស់ ដោយមិនបាច់ចូលព្រៃកាប់ឈើធម្មជាតិ និងទទួលបានប្រាក់ចំណូល។
ស្មៅយក្សអាចកែច្នៃស្មៅធ្វើជាចំណីសត្វ និងផលិតធ្យូងអនាម័យ ឬធ្យូងជីវៈ។ក្រៅពីជួយកាត់បន្ថយការបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស ស្មៅយក្សជួយការពារការហូរច្រោះដីផងដែរ។លើសពីនេះ ស្មៅយក្សត្រូវបានក្រុមហ៊ុនប្រមូលទិញយកទៅកែច្នៃជាចំណីសត្វ ព្រមទាំងយកដើមរបស់វាទៅផលិតជាធ្យូងអនាម័យសម្រាប់ផ្គត់ផ្គង់ទីផ្សារផងដែរ។
លោក សួន កុសល ប្រធានអ្នកបច្ចេកទេសបណ្តុះកូនឈើទូទៅនៃក្រុមហ៊ុន SEN KRRI ECOPARK ដែលទទួលទិញស្មៅយក្សបានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មានAMSថា ការដាំស្មៅយក្ស កសិករអាចទទួលបានប្រាក់ចំណូលល្អ ។ បើប្រៀបធៀបនឹងដំណាំស្រូវ ស្ទើរតែល្អជាង ពីព្រោះវាជាដំណាំមិនបាច់ត្រូវការថែទាំច្រើនទេ។ជាងនេះវាហុចផលលឿនតម្លៃខ្ពស់។ក្រុមហ៊ុនបានទិញពីកសិករកន្លងមកនេះ គឺទី១.សម្រាប់កែច្នៃជាចំណីសត្វ ,ទី២ទិញដើមស្រស់ៗសម្រាប់ឱ្យចំណីសត្វចៀម គោ ។ចំណែកដើមរបស់វាសម្រាប់ធ្វើធ្យូងអនាម័យ។
គួរបញ្ជាក់ថា បច្ចុប្បន្នដំណាំស្មៅយក្សកំពុងមានការពេញនិយមដាំដុះច្រើននៅខេត្តពោធិ៍សាត់ ប៉ៃលិន និងខេត្តត្បូងឃ្មុំ។ក្នុងនោះ គ្រាន់តែខេត្តពោធិ៍សាត់មួយមានផ្ទៃដីដាំដុះរហូតដល់ប្រមាណ ៥ពាន់ហិកតា។នេះបើតាមការអះអាងរបស់លោក សួន កុសល ៕
ដោយ៖ម៉ា ដេប៉ូ
រូបភាព៖រិន រចនា










