រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនសមភាគីហ្វីលីពីនអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ ម៉ា. ថេរេសា ភី. ឡាសារ៉ូ (Ma. Theresa P. Lazaro) រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ។
ក្នុងឱកាសនៃជំនួបខាងលើឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបសមភាគី គឺលោកជំទាវរដ្ឋមន្ត្រីការបរទេសហ្វីលីពីន ដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោ ឯកឧត្តមប្រធានាធិបតីហ្វីលីពីន ដែលបានរៀបចំកិច្ចប្រជុំត្រីភាគី កម្ពុជា-ថៃ-ហ្វីលីពីនកាលពីខែឧសភាកន្លងទៅ នៅកោះសេប៊ូ ក្នុងន័យស្វែងរកដំណោះស្រាយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមក៏បានអបអរសាទរដល់ប្រទេសហ្វីលីពីន ក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងខែកក្កដានេះ។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីការវិវត្តថ្មីៗ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ។
ដោយឡែកនៅរសៀលថ្ងៃទី២០ ខែកក្កដាដដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុង”កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR)”។
សូមជម្រាបថា កាលព្រឹកថ្ងៃទី១៩ ខែកក្កដា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានដឹកនាំគណៈ ប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន៕
ដោយ៖ស៊ូវណ្ណលុក













