អគ្គនាយក ARDB ជំរុញយន្តការ «កិច្ចសន្យាផលិតកម្មកសិកម្ម» នៅបាត់ដំបង ដើម្បីធានាតម្លៃស្រូវ និងពង្រឹងទីផ្សារនាំចេញ
ខេត្តបាត់ដំបង៖ យន្តការ «កិច្ចសន្យាផលិតកម្មកសិកម្ម» ត្រូវ បានលើកឡើងថាជាឧបករណ៍ដ៏មានប្រសិទ្ធភាព និងជាស្ពានចងភ្ជាប់យ៉ាងរឹងមាំរវាងតម្រូវការទីផ្សារ និងកសិករអ្នកផលិត ដើម្បីធានាបាននូវស្ថិរភាពតម្លៃស្រូវ និងលើកកម្ពស់គុណភាពអង្ករនាំចេញរបស់កម្ពុជា។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផលិត និងការផ្គត់ផ្គង់ស្រូវ រវាងតំណាងក្រុមហ៊ុន City Rice Import Export Co., Ltd និងភាគីក្រុមកសិករផលិតស្រូវនៅស្រុកបាណន់ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានគូសបញ្ជាក់ថា យន្តការនេះមិនត្រឹមតែផ្តល់ភាពកក់ក្តៅដល់កសិករក្នុងការបង្កបង្កើនផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យក្រុមហ៊ុននាំចេញមានប្រភពផ្គត់ផ្គង់ស្រូវដែលមានស្តង់ដារ និងគុណភាពច្បាស់លាស់ផងដែរ។
ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងដោយធនាគារ ARDB សាខាខេត្តបាត់ដំបង រវាងលោក ឡាយ ឈុនហាំង តំណាងក្រុមហ៊ុន City Rice Import Export Co., Ltd និងលោក ចាន់ សំអុល តំណាងក្រុមកសិករអ្នកផលិតស្រូវ ដោយមានគោលបំណងបង្កើតភាពជាដៃគូរវាងវិស័យឯកជន និងកសិករ តាមរយៈការធានាទិញស្រូវត្រឡប់មកវិញក្នុងតម្លៃសមរម្យ កាត់បន្ថយហានិភ័យទីផ្សារ និងទប់ស្កាត់ការបង្អាប់ថ្លៃពីសំណាក់ឈ្មួញកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្តល់អនុសាសន៍ណែនាំដល់ភាគីទាំងពីរឱ្យប្រកាន់ខ្ជាប់នូវស្មារតីសស្មោះត្រង់នៃកិច្ចសន្យា ដោយខាងភាគីកសិករត្រូវខិតខំដាំដុះឱ្យត្រឹមត្រូវតាមបច្ចេកទេស និងបទដ្ឋានគុណភាពដែលរោងចក្រត្រូវការ រីឯក្រុមហ៊ុន City Rice ត្រូវធានាទិញស្រូវតាមតម្លៃ និងលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា ដើម្បីរក្សានិរន្តរភាពអាជីវកម្មទៅថ្ងៃអនាគត។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត បានជំរុញឱ្យកសិករយកចិត្តទុកដាក់លើការគណនាថ្លៃដើមផលិតឱ្យបានច្បាស់លាស់ដើម្បីបង្កើនប្រាក់ចំណេញ និងបានអំពាវនាវឱ្យចូលរួមជាមួយ «សមាគមបណ្តាញកសិករតេជោ» ដែលជាស្ពានសម្របសម្រួលបច្ចេកទេស ទីផ្សារ និងប្រភពទុនការប្រាក់ទាប។
ជាការឆ្លើយតប ធនាគារ ARDB ក្នុងនាមជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល បានប្តេជ្ញាបន្តគាំទ្រផ្នែកហិរញ្ញប្បទានយ៉ាងពេញទំហឹង ដោយផ្តល់ឥណទានមានអត្រាការប្រាក់ទាបដល់កសិករសម្រាប់ទុនបង្វិលដាំដុះ និងដល់ម្ចាស់រោងចក្រកិនស្រូវសម្រាប់ប្រមូលទិញស្រូវស្តុកទុក ដែលជាចលករយ៉ាងសំខាន់ក្នុងការរក្សាលំនឹងថ្លៃស្រូវនៅលើទីផ្សារជាតិ៕
ដោយ៖ង៉ាន់ ទិត្យ






