ជប៉ុន តវ៉ាប្រឆាំងសមយុទ្ធបាញ់គ្រាប់ពិត រុស្ស៊ី-ចិន នៅដែនទឹកមានជម្លោះ
តូក្យូ ៖ ប្រទេសជប៉ុន នៅថ្ងៃ អង្គារ នេះ បានដាក់លិខិតតវ៉ាតាមផ្លូវការទូតទៅកាន់ទីក្រុងប៉េកាំង បន្ទាប់ពីនាវាចម្បាំងជើងទឹកចិន និងរុស្ស៊ី បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នាកាលពីថ្ងៃទី១៩ ខែកក្កដា នៅក្នុងដែនទឹកមានជម្លោះ ដែលទីក្រុងតូក្យូចាត់ទុកថា ជាតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួន ។
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi និយាយថា សមយុទ្ធនេះ ធ្វើឡើងស្ថិតនៅចម្ងាយប្រហែល ១៨០ គីឡូម៉ែត្រ ភាគនិរតីនៃកោះ Okinotori ដែលជាដីកោះដ៏ឆ្ងាយមួយនៅមហាសមុទ្រប៉ាស៊ីហ្វិក ដែលជប៉ុនចាត់ទុកថា ជាកោះនៅភាគខាងត្បូងបំផុតរបស់ប្រទេសខ្លួន ។
បើតាមក្រសួងការពារជាតិជប៉ុន, នាវាចម្បាំងបាញ់មីស៊ីលនាំផ្លូវប្រភេទ Type 052D របស់ចិន បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតដោយកាំភ្លើងយន្ត បន្ទាប់ពីបានចេញការព្រមានតាមរលកវិទ្យុ ខណៈដែលនាវាពិឃាតរុស្ស៊ីក៏បានចូលរួមក្នុងសមយុទ្ធរួមគ្នានេះផងដែរ ។
នេះជាលើកដំបូងហើយ ដែលជប៉ុនប្រកាសជាសាធារណៈ អំពីការបង្ហាញសាច់ដុំយោធារវាងចិន និងរុស្ស៊ី នៅក្នុងតំបន់នោះ ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន លោក Minoru Kihara បញ្ជាក់ថា ជប៉ុនបានដាក់លិខិតតវ៉ាទៅកាន់ចិន ចំពោះការធ្វើសមយុទ្ធនេះ ដោយលើកហេតុផលថា វាអាចបង្កហានិភ័យដល់សុវត្ថិភាពផ្លូវសមុទ្រ និងផ្លូវអាកាស ពិសេសនាវានៅក្បែរតំបន់នោះ ។
យ៉ាងណា ភាគីចិនបានប្រឆាំងនឹងការអះអាងរបស់ភាគីជប៉ុន ហើយបាននិយាយថា បើតាមលក្ខខណ្ឌវិនិច្ឆ័យ កោះ Okinotori វាគ្រាន់តែជាកោះក្រោមច្បាប់អន្តរជាតិប៉ុណ្ណោះ ដូច្នេះមិនអាចបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសផ្ដាច់មុខបាននោះទេ ។
បន្ថែមលើនេះ ប្រទេសចិនក៏អះអាងផងដែរថា សមយុទ្ធនេះ បានប្រព្រឹត្តទៅនៅក្នុងដែនទឹកអន្តរជាតិ ហើយមិនបានបំពានច្បាប់អន្តរជាតិនោះទេ ។
ការប៉ះទង្គិចគ្នាចុងក្រោយនេះ បានដុតបញ្ឆេះភាពតានតឹងកាន់តែខ្លាំងថែមមួយកម្រិតទៀត ក្នុងទំនាក់ទំនងរវាងទីក្រុងតូក្យូ-ប៉េកាំង ទាក់ទិនបញ្ហាសន្តិសុខ ដែលរាប់បញ្ចូលទាំងបញ្ហាកោះតៃវ៉ាន និងសកម្មភាពយោធារបស់ចិន ដែលកំពុងពង្រីកខ្លួនជុំវិញកោះភាគនិរតីរបស់ជប៉ុន ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា



