លោក Zelensky បណ្តេញមេទ័ពអ៊ុយក្រែនចេញពីតំណែង ចំពេលជួបវិបត្តិផ្ទៃក្នុង
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសកាលពីថ្ងៃអង្គារថា លោកបានសម្រេចចិត្តដកលោក Oleksandr Syrsky ចេញពីតំណែងជាអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន នៅចំពេលមានវិបត្តិផ្នែកនយោបាយ ដែលបង្កឡើងដោយការដកតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិដ៏មានប្រជាប្រិយភាពមួយរូប។
មេដឹកនាំអ៊ុយក្រែនរូបនេះបានប្រកាសថា លោកនឹងតែងតាំងលោក Mykhailo Drapaty ដែលជាមេបញ្ជាការកងកម្លាំងចម្រុះ ឱ្យមកជំនួសតំណែងនេះ។
លោក Syrsky ដែលមានអាយុ ៦០ ឆ្នាំ បានកាន់តំណែងនេះ តាំងពីឆ្នាំ ២០២៤ ហើយគឺជាមេបញ្ជាការដ៏មានបទពិសោធន៍បំផុតមួយរូបរបស់ទីក្រុង Kyiv ដោយលោកធ្លាប់បានដឹកនាំការការពារទីក្រុង Kyiv នៅពេលចាប់ផ្តើមការចូលលុកលុយទ្រង់ទ្រាយធំរបស់រុស្ស៊ី ក្នុងឆ្នាំ២០២២។
ការដកតំណែងរបស់លោកបានកើតឡើង បន្ទាប់ពីមានការតវ៉ាជាច្រើនថ្ងៃ ដើម្បីគាំទ្រដល់រដ្ឋមន្ត្រីការពារជាតិដែលត្រូវបានដកចេញ គឺលោក Mykhailo Fedorov។ លោក Fedorov បានចោទប្រកាន់មេបញ្ជាការកងទ័ពអ៊ុយក្រែនដែលអស់តំណែងថា បានបង្ខំឱ្យលោកចាកចេញពីតំណែង និងរារាំងកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការធ្វើកំណែទម្រង់កងទ័ព។
លោក Zelensky បានសរសេរនៅក្នុងសារមួយ នៅលើបណ្តាញ Telegram ថា៖ «ខ្ញុំបានសម្រេចចិត្តថា អគ្គមេបញ្ជាការថ្មីនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នឹងត្រូវប្រគល់ជូនលោក Mykhailo Drapaty»។
លោកបានបន្ថែមថា៖ «ខ្ញុំសូមថ្លែងអំណរគុណចំពោះលោក Oleksandr Syrsky និងយុទ្ធជនរបស់យើងម្នាក់ៗ ចំពោះជំហរដ៏រឹងមាំនៅជួរមុខរបស់អ៊ុយក្រែន»។
សំណួរអំពីអនាគតរបស់លោក Syrsky បានលេចឡើងយ៉ាងខ្លាំង កាលពីសប្តាហ៍មុន នៅពេលដែលលោក Zelensky បានដកតំណែងរដ្ឋមន្ត្រីការពារជាតិដ៏មានប្រជាប្រិយភាព គឺ លោក Fedorov ត្រឹមតែរយៈពេល ៦ ខែប៉ុណ្ណោះ បន្ទាប់ពីការតែងតាំង៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
