ក្រុមហ៊ុនអាមេរិកនៃគណៈប្រតិភូ USABC ប្ដេជ្ញាបន្តពង្រីក និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (USABC) ចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ខណៈនេះតំណាង ក្រុមហ៊ុនអាម៉េរិកជាច្រើនបានប្តេជ្ញាចិត្ត បន្តពង្រីកការវិនិយោគ និងស្វែងរកឱកាសធុរកិច្ចថ្មីៗបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
អាន៖នៅក្នុងជំនួបនេះលោក Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិ USABC បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអាម៉េរិក ដោយបាន គូសបញ្ជាក់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរកំពុងស្ថិតនៅលើមាគ៌ា និងទិសដៅយ៉ាងត្រឹមត្រូវ។
តំណាងគណៈប្រតិភូដែលរួមមាន វិស័យសក្តានុពលជាច្រើនដូចជា យានយន្ត សុខាភិបាល ថាមពល ឱសថ ហិរញ្ញវត្ថុ និងកសិកម្ម បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការគាំទ្រ ដល់អាជីវកម្មអាម៉េរិកនាពេលកន្លងមក។ ជាមួយគ្នានេះ ក្រុមហ៊ុន ទាំងនោះបានប្តេជ្ញាបន្តពង្រីកការវិនិយោគ ចូលរួមបណ្តុះ បណ្តាល ធនធានមនុស្ស គាំទ្រវិស័យ SMEs និងបន្តសកម្មភាពសង្គមផ្សេងៗ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនអាម៉េរិក ដែលបានទុកចិត្ត និងបោះទុនវិនិយោគនៅកម្ពុជា។ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាន និងកំពុងដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត អនុគ្រោះពន្ធ ការធ្វើសាមញ្ញកម្មនីតិវិធី និងការកែទម្រង់ស្ថាប័ន ដើម្បីសម្រួល ដល់ប្រតិបត្តិការអាជីវកម្ម។
សម្តេចធិបតី បានសង្កត់ធ្ងន់ពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការ ថែរក្សាបរិយាកាសវិនិយោគប្រកបដោយភាពអំណោយផល និងប្រកួត ប្រជែងស្មើភាព ព្រមទាំងបានលើកទឹកចិត្តឱ្យគណៈប្រតិភូ USABC បន្តធ្វើការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់ យកឱកាសវិនិយោគថ្មីៗបន្ថែមទៀត៕
ដោយ៖ស៊ូ វណ្ណលុក















