លោក ត្រាំ ប្រកាសចង់ជួបចរចាជាមួយក្រុម Hezbollah
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងចរចាជាមួយក្រុម Hezbollah ប្រសិនបើប្រធានាធិបតីប្រទេសលីបង់ចង់ឱ្យធ្វើដូច្នេះ។ នេះបើតាមការចេញផ្សាយរបស់ Anadolu។
លោក Donald Trump អះអាងបែបនេះ កាលពីថ្ងៃអង្គារ ពោលគឺក្នុងពេលទទួលជួបប្រធានាធិបតីលីបង់ លោក Joseph Aoun។
ក្នុងអំឡុងពេលកិច្ចប្រជុំ នៅការិយាល័យ Oval Office, លោក Trump បាននិយាយថា «ខ្ញុំនឹងនិយាយជាមួយក្រុម Hezbollah។ ខ្ញុំនិយាយជាមួយមនុស្សគ្រប់គ្នា។ ខ្ញុំនឹងនិយាយជាមួយមនុស្សដែលមនុស្សជាច្រើនគិតថាខ្ញុំមិនគួរនិយាយជាមួយ ហើយលទ្ធផលគឺល្អប្រសើរ។ ប្រសិនបើប្រធានាធិបតីចង់ឱ្យខ្ញុំនិយាយជាមួយក្រុម Hezbollah ខ្ញុំនឹងធ្វើ»។
នៅពេលត្រូវបានសួរអំពីការដកកងទ័ពអ៊ីស្រាអែលចេញពីប្រទេសលីបង់ទាំងស្រុង លោក Trump ឆ្លើយតបថា កងកម្លាំងអ៊ីស្រាអែលកំពុងផ្លាស់ប្តូរទីតាំងដាក់ពង្រាយកងទ័ព។
លោក Trump បាននិយាយថា ប្រទេសលីបង់ត្រូវបានគេប្រព្រឹត្តមិនល្អដាក់ អស់រយៈពេលជាយូរមកហើយ ហើយសមនឹងទទួលបានការគោរពកាន់តែប្រសើរឡើង។
ក្រុម Hezbollah បានទាញប្រទេសលីបង់ ចូលក្នុងជម្លោះអាមេរិកនិងអ៊ីរ៉ង់ ដោយផ្តើមវាយប្រហារអ៊ីស្រាអែល នៅខែមីនា។ ជាការឆ្លើយតប អ៊ីស្រាអែលវាយលុកចូលលីបង់ រហូតមកដល់ពេលបច្ចុប្បន្ន៕
ប្រភព ៖ anadolu ប្រែសម្រួល ៖ សារ៉ាត
