លោក ត្រាំ ថា អ៊ីរ៉ង់នឹងត្រៀមខ្លួនរួចរាល់ ឈានទៅរកកិច្ចព្រមព្រៀង ឆាប់ៗនេះ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump និយាយ កាលពីថ្ងៃពុធថា អ៊ីរ៉ង់នឹងត្រៀមខ្លួនរួចរាល់ ក្នុងពេលឆាប់ៗនេះ ដើម្បីឈានទៅរកកិច្ចព្រមព្រៀងមួយ។
ប្រធានាធិបតីអាមេរិក លោក Donald Trump លោកបានប្រាប់អ្នកចូលរួម ក្នុងកម្មវិធីជួបជុំគាំទ្របេក្ខជនមកពីគណបក្សសាធារណរដ្ឋ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ របស់សហរដ្ឋអាមេរិកថា «ពួកគេកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយពួកគេចង់ឈានទៅរកកិច្ចព្រមព្រៀងមួយ។ ខ្ញុំនិយាយថា ពួកគេមិនទាន់ត្រៀមខ្លួនរួចរាល់ សម្រាប់កិច្ចព្រមព្រៀងនោះទេ ព្រោះរាល់ពេលដែលពួកគេធ្វើកិច្ចព្រមព្រៀង ពួកគេតែងតែចង់កែប្រែវា និងអ្វីៗផ្សេងទៀត។ ពួកគេមិនទាន់ត្រៀមខ្លួនរួចរាល់ទេ។ ប៉ុន្តែ ពួកគេនឹងត្រៀមខ្លួនរួចរាល់ ក្នុងពេលឆាប់ៗនេះ»។
ការលើកឡើងនេះ ធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបង្កើនការវាយប្រហារគ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បើទោះបីជា គូរជម្លោះទាំងពីរ បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា កាលពីខែមិថុនា ក្រោមការសម្របសម្រួល ពីសំណាក់ប្រទេសប៉ាគីស្ថាន ក៏ដោយ ។
ជាងនេះទៀត អាមេរិកបានសម្រុកបញ្ជូនកម្លាំងនិងសម្ភារៈយោធា ទៅកាន់តំបន់មជ្ឈិមបូព៌ា ចំពេលមានការសង្ស័យថា អាមេរិក និងអ៊ីស្រាអែលអាចស្រាក់ដៃគ្នា វាយប្រហារឈុតធំជាថ្មី លើប្រទេសអ៊ីរ៉ង់៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
