ថៃបន្តឈូសឆាយដីធ្វើផ្លូវថ្មីចូលជ្រៅក្នុងដីកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជាធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅតាមបណ្តោយព្រំដែន ជាពិសេសការសាង់សង់ផ្លូវថ្មីក្នុងទឹកដីកម្ពុជា។
យោងតាមក្រសួងការបរទេសកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដីធ្វើផ្លូវថ្មីនៅចន្លោះបង្គោលព្រំដែនលេខ៨ និងលេខ៩ ក្នុងតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយរំលោភចូលជ្រៅទៅក្នុងទឹកដីកម្ពុជា។
ការរំលោភបំពានបន្ថែមទៀត បានកើតឡើងនៅចន្លោះថ្ងៃទី១៥ ដល់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយកងកម្លាំងប្រដាប់អាវុធថៃបានបន្តធ្វើសកម្មភាពឈូសឆាយដីធ្វើផ្លូវ និងរាយបន្លាលួស នៅចន្លោះបង្គោលព្រំដែនលេខ១៩ និងលេខ២០ ក្នុងតំបន់ជប់ដើមខ្នុរ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២២កក្កដា ក្រសួងការបរទរសបញ្ជាក់ថា សកម្មភាពទាំងនេះ គឺជាការរំលោភបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមាតាមផែនទីខ្នាត ១:២០០.០០០ ផលិតដោយ គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧។
សកម្មភាពទាំងនេះ ក៏រំលោភបំពានផងដែរលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ព្រមទាំងបំពានលើសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោគ (JBC) ដើម្បីបន្តការងារវាស់វែង និងបោះបង្គោល ព្រំដែនឱ្យបានឆាប់បំផុត។
រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីរបស់ប្រទេសថៃនោះឡើយ ហើយទាមទារឱ្យប្រទេសថៃបញ្ឈប់សកម្មភាពបែបនេះនៅក្នុងតំបន់ទាំងឡាយ ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់។
កម្ពុជាបញ្ជាក់ថា មានតែការបញ្ឃប់សកម្មភាពឈ្លានពានទាំងនេះទេ ទើបអាចកាត់បន្ថយភាពតានតឹង ជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក និងសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីស្ដារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕
ទួន សុផល
