សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៣
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមាន សន្តិភាព រាជធានីភ្នំពេញនាព្រឹកថ្ងៃសុក្រទី២៤ ខែកក្កដា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន៣។
យោងតាមរបៀបវារៈនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី រួមមាន៖ ១-សេចក្តីព្រាងរបាយការណ៍ស្តីពីការតាមដាន និងត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ២-របាយការណ៍វឌ្ឍនភាពនៃវិស័យធនធានទឹក និងវិធានការត្រៀមលក្ខណៈ ឆ្លើយតបបាតុភូតអែលនីញ៉ូ។ ៣-របាយការណ៍វឌ្ឍនភាព នៃការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
គប្បីជម្រាបជូនថា ទាក់ទងនឹងរបៀបវារៈទី១-សេចក្តីព្រាងរបាយការណ៍ ស្តីពីការតាមដាន និងត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការអនុវត្ដ ,ការតាមដាន ,ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្ដយុទ្ធសាស្រ្ដ និងគោលនយោបាយនានា។ ក្នុងន័យនេះ ក្របខ័ណ្ឌ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នេះ គឺជាឧបករណ៍តម្រង់ទិសការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និង ជាក្របខ័ណ្ឌរួម របស់ប្រទេសជាតិទាំងមូល ។
ទាក់ទងនឹងរបៀបវារៈទី២-ស្ដីពីរបាយការណ៍វឌ្ឍនភាពនៃវិស័យធនធានទឹក និងវិធានការត្រៀមលក្ខណៈ ឆ្លើយតបបាតុភូតអែលនីញ៉ូវិញ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក បានបញ្ជាក់ថា ក្រោយតាមដាន និងវិភាគស្ថានភាពអាកាសធាតុ បច្ចុប្បន្ន ចាប់ពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ការវិវត្តនៃបាតុភូត អែលនីញ៉ូ បានធ្វើឱ្យខ្យល់មូសុងនិរតីថយចុះ ដែលលក្ខណៈបែបនេះ ធ្វើឱ្យបរិមាណទឹកភ្លៀង ថែមថយមានកម្រិតទាបជាងកម្រិតមធ្យមច្រើនឆ្នាំ ។ ទាំងនេះ អាចប្រឈមនឹងស្ថានភាព ខ្វះទឹក និងគ្រោះរាំងស្ងួតពីកម្រិតស្រាលទៅមធ្យម។
ឯកឧត្តម ថោ ជេដ្ឋា បានបន្ថែមថា បាតុភូតធម្មជាតិនេះ នៅកម្ពុជាយើង មិនមានគ្រោះថ្នាក់ ដល់ជីវិតមនុស្សឡើយ ដោយសារមានកិច្ចសហការអន្តរាគមន៍ទាន់ពេលវេលា និងសកម្មពីសំណាក់អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ខណៈបច្ចុប្បន្ន ក្រសួងធនធាន បានរៀបចំរួចជាស្រេចនូវម៉ាស៊ីនបូមទឹក ដើម្បីទប់ទល់នឹងបញ្ហានេះ ប្រមាណ ១១៥គ្រឿង និងនៅតាមបណ្តាខេត្តប្រមាណជាង ៤០០គ្រឿង ។
ទន្ទឹមនឹងនេះ ក្រសួងធនធានទឹកបានសហការជាមួយអាជ្ញាធរដែនដី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ត្រៀមកងកម្លាំងអន្តរាគមន៍ និងជួយសង្គ្រោះភ្លាមៗនៅពេលមានគ្រោះអាសន្ន (ជំនន់ ឬរាំងស្ងួត) ដើម្បីធានាឱ្យបាននូវ «សន្តិសុខទឹក» ដើម្បីគាំទ្រដល់ «សន្តិសុខស្បៀង» ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសគឺការនាំទឹកទៅដល់តំបន់ ដែលមិនទាន់មានប្រភពទឹកប្រើប្រាស់ ដោយរដ្ឋមន្រ្តីក្រសួងធនធានទឹក បានអំពាវនាវ ដល់អាជ្ញាធរមូលដ្ឋាន ត្រៀមផែនការគ្រប់គ្រង និងបែងចែកទឹកឱ្យមានប្រសិទ្ធភាព ។
ចំណែករបៀបវារៈទី៣-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។ គួរជម្រាបថា រយៈពេល ២សប្ដាហ៍ក្នុងខែកក្កដា ឆ្នាំ២០២៦នេះ សមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួនអ្នកប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬអនឡាញស្កេម បានចំនួន ៦៣៦នាក់ មកពី ២១សញ្ជាតិ ។ ក្នុងចំណោមនោះ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ចូនទៅតុលាការចំនួន ៩នាក់ ខណៈ ៦២៧នាក់ទៀត កំពុងធ្វើការសាកសួរ តាមនីតិវិធីច្បាប់ផងដែរ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។
ក្នុងឆមាសទី១ឆ្នាំ២០២៦នេះ អាជ្ញាធរកម្ពុជា បានចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយបណ្តេញជនបរទេសខុសច្បាប់ចេញពីប្រទេសបានជាង ៤ម៉ឺន៥ពាន់នាក់ ក្រោមយុទ្ធនាការក្តៅនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ៕
ដោយ៖ស៊ូវណ្ណលុក







