អាមេរិកដាក់ពន្ធគយ១០%លើកម្ពុជា តែផ្តល់ការលើកលែងពន្ធពិសេសសម្រាប់ផលិតផលសម្លៀកបំពាក់

សហរដ្ឋអាមេរិក នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសដាក់ពន្ធពី ១០ទៅ១២,៥% លើប្រទេសប្រមាណ៦០ ដែលអាមេរិកយល់ថាមិនបានទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនូវការហាមឃាត់ការនាំចូលទំនិញដែលផលិតឡើងដោយប្រើប្រាស់ពលកម្មដោយបង្ខំ។

ចំពោះកម្ពុជា សហរដ្ឋអាមេរិកបានដាក់ពន្ធគយក្នុងអត្រា ១០% ប៉ុន្តែផ្តល់ជូននូវការលើកលែងពន្ធពិសេសសម្រាប់ផលិតផលសម្លៀកបំពាក់ ដោយផ្អែកលើបរិមាណកប្បាស ឬក្រណាត់កប្បាស ដែលកម្ពុជានាំចូលពីអាមេរិក។ ការសម្រេចនេះមានគោលបំណងជំរុញផលិតកម្មក្នុងសហរដ្ឋអាមេរិក និងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។

លោក កាំង ម៉ូនីកា អ្នកនាំពាក្យសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃសុក្រនេះថា យន្តការនេះអាចផ្ដល់ទាំងបញ្ហាប្រឈម និងឱកាសសម្រាប់ប្រទេសកម្ពុជា។

លោកពន្យល់ថា លក្ខខណ្ឌនេះនឹងជួយពង្រឹងការវិនិយោគលើឧស្សាហកម្មវាយនភណ្ឌ បង្កើនសមត្ថភាពរបស់កម្ពុជាក្នុងការទទួលបានអត្ថប្រយោជន៍ពីយន្តការអនុគ្រោះពាណិជ្ជកម្មនាពេលអនាគត ហើយថែមទាំងជួយពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កើនតម្លៃបន្ថែមក្នុងស្រុកទៀតផង។

ដោយឡែក អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានកត់សម្គាល់ពីសារសំខាន់ និងសញ្ញាវិជ្ជាមាន ដែលនឹងជួយទាក់ទាញអ្នកវិនិយោគបរទេសឲ្យមកកាន់កម្ពុជាបន្ថែមទៀត។

លោក Casey Barnett អតីតប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ក៏បានបង្ហាញពីឱកាស និងហានិភ័យសម្រាប់ឧស្សាហកម្មកម្ពុជាផងដែរ។ លោកកត់សម្គាល់ឃើញថា ក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញសម្លៀកបំពាក់ទៅសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់ ៤ពាន់លានដុល្លារ ជាមួយនឹងការនាំចូលវត្ថុធាតុដើមពីចិនរហូតដល់ ២,៨ពាន់លានដុល្លារ។ ប៉ុន្តែ ការនាំចូលកប្បាស និងក្រណាត់ពីសហរដ្ឋអាមេរិកវិញ គឺមានតិចតួចបំផុត។

បើតាមលោក Casey Barnett ហានិភ័យនោះគឺថា ក្នុងរយៈពេលខ្លី កម្ពុជាអាចបាត់បង់ការបញ្ជាទិញទៅឱ្យប្រទេសឥណ្ឌូនេស៊ី និងបង់ក្លាដែស ដែលទទួលបានអត្រាពន្ធ ១០ភាគរយ ពីសហរដ្ឋអាមេរិកដូចគ្នា ព្រមទាំងការលើកលែងពន្ធសម្រាប់សម្លៀកបំពាក់ផងដែរ។ ប្រទេសទាំងពីរនេះ គឺជាដៃគូប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យកាត់ដេរ ហើយពួកគេមានឧស្សាហកម្មផលិតក្រណាត់ដ៏ធំស្រាប់ផងដែរ។

ជុំវិញបញ្ហានេះ សមាគមរោងចក្រកាត់ដេរកម្ពុជា បានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យពន្លឿនការរៀបចំគោលនយោបាយ និងបរិយាកាសវិនិយោគដែលអំណោយផល ដើម្បីទាក់ទាញការវិនិយោគលើវត្ថុធាតុដើមនៃឧស្សាហកម្មវាយនភណ្ឌ។

វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប គឺជាសសរស្តម្ភនៃកំណើនសេដ្ឋកិច្ចកម្ពុជា ដែលផ្តល់ការងារដោយផ្ទាល់ដល់កម្មករនិយោជិតជាង ១លាន ២សែននាក់ ទោះស្ថិតនៅក្នុងវិបត្តិសាកលក៏ដោយ។ វិស័យនេះនៅតែជាប្រភពចំណូលដ៏ធំបំផុត ដោយរួមចំណែកប្រមាណ ៥០%នៃតម្លៃនាំចេញសរុប និងបន្តបង្ហាញកំណើនដ៏រឹងមាំប្រកបដោយចីរភាព៕

ខន ណារី AMS

ads banner