គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ

ភ្នំពេញ៖ ឯកឧត្តម កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) រួមជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ បានជួបប្រជុំពិភាក្សាការងារជាមួយ លោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាលើចំណុចសំខាន់ៗជាច្រើន ជាពិសេសវឌ្ឍនភាពនៃការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍ។ ឯកឧត្តម កែវ សុទ្ធិ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនក្រីក្រ ១,៥លាននាក់ ដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។

ចំពោះបញ្ហាជម្លោះព្រំដែន និងជនភៀសសឹក ឯកឧត្តម កែវ សុទ្ធិ បានគូសបញ្ជាក់ពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ពីសំណាក់យោធាថៃ ដែលធ្វើឱ្យពលរដ្ឋជាង ៦៤០ ០០០នាក់ ភៀសសឹក និងពលរដ្ឋជាង ២០ ០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន ដោយសារការរាយបន្លាលួស និងកាន់កាប់ខុសច្បាប់។ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការដោះស្រាយដោយសន្តិវិធី តាមរយៈយន្តការ JBC។

លោក Thomas Andrews បានកោតសរសើរចំពោះការទទួលយកអនុសាសន៍ UPR ជុំទី៤ លើសពី ៨៤% ការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQ+) និងការជំរុញបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។ លោក Thomas Andrews ក៏បានមើលឃើញពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយកម្ពុជាបានបង្ហាញពីការចាត់វិធានការម៉ឺងម៉ាត់ តាមរយៈច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបង្ក្រាបទីតាំងសង្ស័យជាបន្តបន្ទាប់។ កិច្ចជំនួបនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធស្នាល និងយោគយល់គ្នាខ្ពស់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា៕

អត្ថបទ៖ វណ្ណា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner