សន្និសីទសារព័ត៌មានស្តីពី “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦”

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៍មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៍មានដើម្បីបើកទទួលពាក្យសម្រាប់ “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦” ក្រោមប្រធានបទ “លើកកម្ពស់នវានុវត្តន៍កម្ពុជា ឆ្ពោះទៅកម្រិតសកល” ដោយមានការអញ្ជើញចូលរួមពីអង្គភាពសារព័ត៍មានជាច្រើនផងដែរ នៅទីស្តីការ ក.ប.ទ.។

កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ ជាកម្មវិធីផ្ដល់ពានរង្វាន់ឌីជីថលដែលទទួលស្គាល់ថ្នាក់ជាតិលើសមិទ្ធផល និងស្នាដៃនវានុវត្ដន៍ឌីជីថលឆ្នើមនៅកម្ពុជា។ រយះពេល១២ឆ្នាំកន្លងមក, កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាបានក្លាយជាវេទិកាឈានមុខគេដែលប្រមូលផ្តុំទៅដោយធុរកិច្ចថ្មីឌីជីថល,នវានុវត្តន៍ករឌីជីថល,ក្រុមហ៊ុន និង ស្ថាប័នដែលមានភាពច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញនវានុវត្ដន៍ ពង្រឹងសមត្ថភាពនវានុវត្តន៍ និងសេដ្ឋកិច្ចឌីជីថលកម្ពុជា អភិវឌ្ឍប្រព័ន្ធអេកូឡូស៉ីឌីជីថលជាតិ និងភ្ជាប់ធុរកិច្ចថ្មីឌីជីថលកម្ពុជាទៅកាន់ទីផ្សារថ្នាក់តំបន់ និងអន្ដរជាតិ។

កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ នៅតែបន្ដបេសកម្មក្នុងការពន្លឿនបរិវត្តកម្មឌីជីថលរបស់កម្ពុជា តាមរយៈការលើកកម្ពស់ដល់នវានុវត្តន៍ឆ្នើម,ក្រុមហ៊ុន និង ស្ថាប័នឆ្នើមដែលរួមចំណែកដល់សុវត្ថិភាពសង្គម កំណើ នសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ លើកទឹកចិត្តដល់អ្នកនវានុវត្ដន៍ករឌីជីថលដែលមកពីគ្រប់បណ្ដាវិស័យទាំងអស់ ចូលរួមចំណែកសម្រាប់កសាងសង្គម និង ឌីជីថលូបនីយកម្ម។

កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ បង្កើតឡើងក្នុងគោលបំណងដូចជា៖
-ការទទួលស្គាល់(Recognition): ផ្ដល់ការទទួលស្គាល់ថ្នាក់ជាតិដល់ផលិតផលឬសេវាកម្មឆ្នើមដែលជំរុញឱ្យមានបរិវត្តកម្មឌីជីថលនៅកម្ពុជា។
-ការជំរុញគាំទ្រ(Empowerment): គាំទ្រអាជីវកម្មនិងស្ថាប័ននានានៅក្នុងការរួមបញ្ចូលបច្ចេកវិទ្យាទំនើប និងនវានុវត្ដន៍ ដើម្បីការរីកចម្រើនប្រកបដោយចីរភាពក្នុងប្រទេសកម្ពុជា។
-ការផ្សារភ្ជាប់ទំនាក់ទំនង(Connection): ពង្រឹងកិច្ចសហប្រតិបត្តិការទាំងថ្នាក់តំបន់ និងអន្ដរជាតិរវាងនវានុវត្តន៍ករនិងវិនិយោគិនដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីឌីជីថលព្រមទាំងពង្រឹងវិសាលភាពឆ្ពោះទៅកម្រិតសកល។
-ការផ្តល់ឱកាស(Opportunity): ជាវេទិកាឌីជីថល សម្រាប់នវានុវត្តន៍ករឆ្នើមទាំងអស់ក្នុងការបង្ហាញនូវស្នាដៃនិងសមិទ្ធិផលរបស់ ដើម្បីទាក់ទាញការវិនិយោគ និងតំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។

កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាជាវេទិការឌីជីថល ដែលលើសពីការប្រកួតប្រជែង ប៉ុន្ដែក៏ជាផ្នែកមួយក្នុងការជម្រុញឱ្យមានការវិនិយោគផងដែល ជាក់ស្ដែងកាលពីឆ្នាំ២០២៥ ម្ចាស់ជ័យលាភីរងនៃពានរង្វាន់រដ្ឋមន្រ្តីសម្រាប់
ធុរកិច្ចថ្មីឌីជីថលបានទាក់ទាញការវិនិយោគទុនពីក្រុមហ៊ុន Plug and Play ផងដែរ។ ជោគជ័យនេះបានស្តែងឲ្យឃើញពីស្តង់ដារដ៏ខ្ពស់របស់ការប្រកួតព្រមទាំងបង្ហាញពីឱកាសសម្រាប់ធុរកិច្ចថ្មីឌីជីថលនិងអ្នកច្នៃប្រឌិតក្នុងការឈានជើងចូលឆាកអន្តរជាតិ។

កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ បើកទទួលពាក្យសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា,ធុរកិច្ចថ្មីឌីជីថល, និងស្ថាប័នស្រាវជ្រាវ ទាំងអស់អាចដាក់ពាក្យចូលរួមកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ បាន។ រង្វាន់សរុបជាទឹកប្រាក់ចំនួន ៣០,០០០ ដុល្លារអាមេរិក (បីម៉ឺនដុល្លារអាមេរិក) នឹងត្រូវបែងចែកទៅតាមប្រភេទពានរង្វាន់ទាំង ៥ ដូចខាងក្រោម៖
-ពានរង្វាន់ធុរកិច្ចថ្មីឌីជីថលឆ្នើមប្រចាំឆ្នាំ
-ពានរង្វាន់ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថលឆ្នើមប្រចាំឆ្នាំ
-ពានរង្វាន់មាតិកាឌីជីថលឆ្នើមប្រចាំឆ្នាំ
-ពានរង្វាន់ស្ថាប័នឯកជនឆ្នើមប្រចាំឆ្នាំ
-ពានរង្វាន់ផលិតផលបរិយាបន្នឌីជីថលឆ្នើមប្រចាំឆ្នាំ

នវានុវត្តន៍ករកម្ពុជានិងស្ថាប័ននានាដែលមានចំណាប់អារម្មណ៍ និងបំណងចុះឈ្មោះចូលរួមប្រកួតប្រជែងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ (Cambodia Digital Awards 2026) អាចចុះឈ្មោះតាមតណភ្ជាប់ https://mptc.gov.kh/cda26/ បើកទទួលពាក្យចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០២៦៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ហេង សម្បត្តិ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner