CMAC បានស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៥៤១គ្រាប់ ពីបាតទន្លេនិងសមុទ្រ នៅឆមាសទី១ឆ្នាំ២០២៦
ឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ថា CMAC បានរុករកឃើញ និងស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន ៥៤១គ្រាប់ និងស្រង់បន្ទះដែកនាវាលិចបាតទន្លេ និងសមុទ្របានចំនួន ១ ៦៩៦គីឡូក្រាម ក្នុងត្រីមាសទី១ឆ្នាំ២០២៦នេះ។
ការបញ្ជាក់របស់អគ្គនាយក CMAC ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបការងារកិច្ចប្រតិបត្តិការបោសសម្អាតស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងនាវាដែលបានលិចនៅបាតទន្លេ និងសមុទ្រ ប្រចាំឆមាសទី១ ក្នុងឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះ។
ឯកឧត្តម ហេង រតនា បញ្ជាក់បន្ថែមថា គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៦នេះ ការរុករកឃើញ និងស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួនជិត ២ម៉ឺន ៧ពាន់គ្រាប់ បន្ទះដែកនាវា និងអំបែងយុទ្ធភណ្ឌសង្គ្រាមសរុបចំនួនប្រមាណជាង ២៧៦តោន។ គ្រាប់យុទ្ធភណ្ឌទាំងនេះ ត្រូវបានធ្វើការកម្ទេចចោលចំនួនជាង ១ម៉ឺន ៥ពាន់គ្រាប់ និងដោះបន្សាបបានចំនួនជាង ៨ពាន់គ្រាប់។
អគ្គនាយក CMAC រូបនេះបានគូសបញ្ជាក់ថា ការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់បំណែកនាវាដែលលិចនៅបាតទន្លេ មិនត្រឹមតែបានចូលរួមលុបបំបាត់ហានិភ័យដែលបន្សល់ពីសង្គ្រាម និងការពារសុវត្ថិភាពអាយុជីវិតប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍ ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមផ្លូវទន្លេ និងផ្លូវសមុទ្រ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេស។
លោកបន្ថែមថា ការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងបើកផ្លូវទឹកឱ្យមានសុវត្ថិភាពក៏បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការវិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ការធ្វើពាណិជ្ជកម្ម ការនេសាទ ទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុវត្ថិភាព និងការអភិវឌ្ឍប្រទេសជាតិផងដែរ៕
សេង បារាំង AMS











