តម្លៃកង្កែបសាច់ធ្លាក់ចុះខ្លាំង ខណៈសមាគមអំពាវនាវសូមឱ្យជួយ
ភ្នំពេញ៖ សមាគមវារីវប្បករនៅកម្ពុជា បានអះអាងថា តម្លៃកង្កែបសាច់បានធ្លាក់ចុះខ្លាំងពីជាង ៧ 000រៀល មកនៅត្រឹម ៥ 000 រៀល ក្នុង១គីឡូក្រាម គិតត្រឹមដើមសប្តាហ៍ទី៣នៃខែកក្កដាឆ្នាំ២០២៦ ។ តម្លៃកង្កែបបានធ្លាក់ចាប់តាំងពីខែមេសាកន្លងមក ដោយសារតែកំណើននៃប្រកួតប្រជែង។
ក្នុងសេចក្តីអំពាវនាវចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ សមាគមវារីវប្បករនៅកម្ពុជា បានសំណូមពរដល់ស្ថាប័នពាក់ព័ន្ធមានវិធានការបន្ទាន់ ព្រោះអ្នកប្រមូលទិញកង្កែបសាច់ក្នុងស្រុកបានទម្លាក់តម្លៃទៅតាមតម្លៃកង្កែបដែលនាំចូល។
គួរជម្រាបថា កាលពីថ្ងៃទី៨ ខែកក្កដាកន្លងទៅ សមាគមវារីវប្បករនៅកម្ពុជាបានព្យាករណ៍តម្លៃកង្កែបសាច់ដែលកំពុងមាននិន្នាការធ្លាក់ចុះដោយសាររងឥទ្ធិពលពីផលិតផលកង្កែបសាច់នៅប្រទេសវៀតណាម ហើយផលិតផលនេះក៏ត្រូវបាននាំចូលមកកម្ពុជា។
តាមរយៈគណនីហ្វេសប៊ុកដែលបង្ហោះតម្លៃវារីវប្បកម្មនៅប្រទេសវៀតណាមក៏បានបង្ហាញពីតម្លៃកង្កែបនៅខេត្តដុងថាប់ និង ខេត្តអាងយ៉ាងក៏បានធ្លាក់ចុះជាលំដាប់ដែរ ពោលពី៣៨ ០០០ ទៅ៣៩ ០០០ ដុង(ប្រាក់វៀតណាម)ក្នុង១គីឡូក្រាមនៅខែមិថុនា និង៣៣ ០០០ ទៅ៣២ ០០០ដុងក្នុងខែកក្កដា ឬ ប្រហែល ៤ ៩០០ទៅ៥ពាន់រៀល។
ជាមួយនឹងការធ្លាក់ថ្លៃកង្កែបក្នុងស្រុក សមាគមវារីវប្បករនៅកម្ពុជាបានសន្និដ្ឋានថា ដោយសារតែកង្កែបក្នុងស្រុកប្រឈមនឹងកង្កែបនាំចូលដែលមានចំនួនច្រើននិងតម្លៃទាបជាង។
លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជាបានប្រាប់បណ្ដាញព័ត៌មានAMS កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ថាកង្កែបដែលមានតម្លៃ៥ពាន់រៀលក្នុងមួយគីឡូក្រាម មានន័យថាអ្នកចិញ្ចឹមខាតដើម ។ខាតដើមពីព្រោះតែបច្ចុប្បន្នតម្លៃប្រេងនិងចំណីបានឡើងថ្លៃ។ លោកពន្យល់ថា ដូចនេះបើតម្លៃលក់ចេញចុះក្រោម៦ពាន់រៀលក្នុងមួយគីឡូក្រាមគឺអ្នកចិញ្ចឹមមិនចំណេញឡើយ ។លោកប្រធានសមាគមបានចង្អុលទៅបញ្ហាពីរដែលនាំឱ្យតម្លៃកង្កែបក្នុងស្រុកធ្លាក់តម្លៃ។ទី១.ការនាំចូលលើសចំនួនតម្រូវការ ប្រើប្រាស់ក្នុងស្រុក និងទី២.ការលួចនាំចូលដោយមិនបានបង់ពន្ធត្រឹមត្រូវ។
បើតាមការបញ្ជាក់របស់លោកប្រធានសមាគម តម្រូវការសាច់កង្កែបក្នុងប្រទេសកម្ពុជាមួយថ្ងៃប្រមាណ២០តោន ខណៈការផ្គត់ផ្គង់បានត្រឹម១០តោន។
ផ្អែកលើការអះអាងរបស់លោកប្រធានសមាគមវារីវប្បករខាងលើបង្ហាញថា តម្រូវការក្នុងការនាំចូលដើម្បីឆ្លើយតបទីផ្សារជារឿងចៀសមិនផុត ប៉ុន្តែការកំណត់បរិមាណនាំចូលសមស្រប នឹងរក្សាបានទាំងបំពេញតម្រូវការទីផ្សារ និងភាពរីកចម្រើនអ្នកចិញ្ចឹមក្នុងស្រុក ៕



ដោយ៖ ម៉ាដេប៉ូ