ទុនវិនិយោគ ១០៨លានដុល្លារ ហូរចូលភូមិភាគឦសានតាមរយៈគម្រោងថ្មីចំនួនបី
ភ្នំពេញ៖ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានសម្រេចអនុម័តគម្រោងវិនិយោគថ្មីចំនួន ៣ ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលនឹងនាំយកទុនវិនិយោគបន្ថែមប្រមាណ ១០៨ លានដុល្លារអាម៉េរិក ព្រមទាំងបង្កើតឱកាសការងារ ជូនប្រជាពលរដ្ឋក្នុងតំបន់ជិត ៧០០ កន្លែង។
គម្រោងទាំង៣ សម្រាប់ការវិនិយោគក្នុងភូមិភាគឦសានដែលទទួលការអនុម័តដោយក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសានរួមមាន ការដាំដុះដើមកាហ្វេ និងកាកាវ,ការចិញ្ចឹមសត្វចម្រុះនិងសត្តឃាតដ្ឋាន, ព្រមទាំងការបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្មផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងក្នុងពិធីក្នុងកិច្ចប្រជុំលើកទី៦ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ថា ទោះបីសេដ្ឋកិច្ចពិភពលោកជួបបញ្ហាប្រឈម ប៉ុន្តែកម្ពុជានៅតែរក្សាបាននូវភាពទាក់ទាញវិនិយោគខ្ពស់។ ជាក់ស្តែងក្រុមហ៊ុនចិនធំៗជាច្រើនបានបង្ហាញបំណងពង្រីកការវិនិយោគនៅកម្ពុជា បន្ទាប់ពីជំនួបជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះ។
ក្នុងកិច្ចប្រជុំដែលតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលខេត្តទាំង៤ដែលជាខេត្តភាគឦសានជាសមាជិកក្រុមការងារចូលរួមផងនោះ ឯកឧត្តមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា ក្រុមការងារនឹងបន្តសម្របសម្រួល និងផ្តល់ការលើកទឹកចិត្តជាកញ្ចប់ ប្រកបដោយបុរេសកម្ម ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ ជាមួយគ្នានេះ វិនិយោគិនក៏ត្រូវខិតខំអនុវត្តគម្រោងឱ្យចេញជាលទ្ធផលជាក់ស្តែង ដោយផ្តោតលើការបណ្តុះបណ្តាល ផ្ទេរជំនាញ និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើតតម្លៃបន្ថែម។
តាមរយៈស្មារតីនៃកិច្ចប្រជុំ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តទាំង៤ ក្នុងភូមិភាគឦសាន បានប្តេជ្ញាចិត្តរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាឱ្យបានរហ័ស និងមានតម្លាភាពដើម្បីបង្កលក្ខណៈងាយស្រួលបំផុតដល់ធុរកិច្ច និងការវិនិយោគនៅភូមិភាគឦសាន៕
ដោយ៖ង៉ាន ទិត្យ














