រដ្ឋមន្ត្រីការបរទេសកម្ពុជា ជម្រាបជូនឯកអគ្គរដ្ឋទូតអាល្លឺម៉ង់អំពីការវិវត្តថ្មីនៃបញ្ហាព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានជម្រាបជូន ឯកឧត្តម ស្ដេហ្វេន ម៉េសសេរ៉េ(Stefan MESSERER )ឯកអគ្គរដ្ឋទូតនៃអាល្លឺម៉ង់ប្រចាំកម្ពុជាអំពីការវិវត្តថ្មីនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ខណៈប្រមុខការទូតប្រទេសទាំងពីរយល់ដូចគ្នាពីភាពចាំបាច់ក្នុងការប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ ។
កាលពីថ្ងៃទី២៩ ខែកក្កដា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួលជំនួបសម្តែងការគួរសម និងជម្រាបលា ពីសំណាក់ឯកឧត្តម Stefan MESSERER ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជាក្នុងឱកាសដែល ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបញ្ចប់បេសកកម្មការទូតដោយជោគជ័យនៅកម្ពុជា ។
ជាមួយការសម្ដែងការកោតសរសើរចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតដែលបានខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការត្រៀមខ្លួនក្នុងការផ្តល់ការគាំទ្រដល់ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី ដើម្បីបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងលើកកម្ពស់ ភាពជាដៃគូរវាងប្រទេសទាំងពីរឱ្យកាន់តែខ្ពស់មួយកម្រិតបន្ថែមទៀត។
ក្នុងជំនួបដដែល ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីកង្វល់រួម ដោយបានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ និងពីការគាំទ្រការប្រើប្រាស់វិធីសាស្រ្តការទូត សម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីការវិវត្តថ្មីនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ផងដែរ ។
ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអាទិភាព រួមមាន ពាណិជ្ជកម្ម និងការវិនិយោគ អប់រំ កសិកម្ម កសិឧស្សាហកម្ម ថាមពល ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជាពិសេសការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមក ដែលបានសម្រេចកន្លងមក នៅក្នុងអាណត្តិរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ៕
អត្ថបទ៖ វណ្ណលុក
រូប៖ សួង ពិសិដ្ឋ








