រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់ជូនអ្នករាយការណ៍ពិសេសអំពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង Online Scam
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានបញ្ជាក់ជូនលោក Thomas Andrew អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អំពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដែលត្រូវបានចាត់ទុកជាអាទិភាពចម្បងមួយ។ ការបញ្ជាក់បែបនេះរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៅក្នុងជំនួបពិភាក្សាការងារជាមួយអ្នករាយការណ៍ពិសេស
នាទីស្តីការក្រសួងនៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។
នៅក្នុងជំនួប ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Thomas Andrews និងសហការី ដែលបានអញ្ជើញមកកាន់ក្រសួងយុត្តិធម៌ និងបានថ្លែងអំណរគុណលោកដែលបានអញ្ជើញចុះទៅត្រួតពិនិត្យមើលស្ថានភាពជនភៀសសឹកខ្មែរនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិក៏បានពិភាក្សាលើកិច្ចការមួយចំនួនទៀតដូចជា ភាពចង្អៀតណែនក្នុងពន្ធនាគារ យុត្តិធម៌អនីតិជន បញ្ហាគ្រឿងញៀន ដំណើរការវិសោធនកម្មច្បាប់មួយចំនួនពាក់ព័ន្ធវិស័យយុត្តិធម៌ និងលំហនៃការអនុវត្តសិទ្ធិសេរីភាពនៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោក Thomas Andrews បានបញ្ជាក់អំពីការប្តេជ្ញាចិត្តបន្តសហការគ្នាដោយស្មោះត្រង់ តាមរយៈកិច្ចសន្ទនា និងការចែករំលែកព័ត៌មានទៅវិញទៅមក ដើម្បីរួមគ្នាជួយដល់ប្រជាជនកម្ពុជា។
ក្នុងយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេស សមត្ថកិច្ច បានចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយបានកសាង និងបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសអនឡាញសរុបចំនួន ២៦៨ សំណុំរឿង ទៅកាន់តុលាការ ក្នុងរយៈពេលគិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ។
គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) បានបញ្ជាក់ថា ក្នុងចំណោមសំណុំរឿងទាំង ២៦៨ ករណី ដែលបានបញ្ជូនទៅដល់ដៃតុលាការ គឺមានពាក់ព័ន្ធទៅនឹងមុខសញ្ញាជនសង្ស័យសរុបចំនួន ២ ៧៧៣នាក់ ខណៈដែលអ្នកកំពុងជាប់ឃុំរង់ចាំការអនុវត្តនីតិវិធីតាមច្បាប់ មានចំនួន២ ២០០ នាក់ (ស្រ្តីចំនួន៣៥៣ នាក់) ក្នុងនោះមានជនជាតិខ្មែរចំនួន ៣១៣ នាក់។
សមត្ថកិច្ច បានស្រាវជ្រាវ ស៊ើបអង្កេត រក ឃើញនិងបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៦៦៥ ទីតាំង ក្នុងនោះទី តាំងប្រព្រឹត្តបទល្មើសចំនួន ៥៨២ ទីតាំង និង ទីតាំងដែលពួកឧក្រិដ្ឋជនជ្រកសម្រាប់រត់គេចចំនួន ៨៣ ទីតាំង, និងបានបិទសៀលទីតាំងចំនួន ៥៣៧ ទីតាំងមិនឱ្យមានសកម្មភាពទៀតឡើយ។
ជាមួយគ្នានេះ សមត្ថកិច្ចកម្ពុជាបានអនុ វត្តនីតិវិធីបណ្ដេញជនបរទេសចេញពីកម្ពុជាចំនួន ២១ ១០២ នាក់ មាន ៣៨ សញ្ជតិ ភាគច្រើនជនជាតិ ចិន វៀតណាម ឥណ្ឌូនេស៊ី ថៃ និងបង់ក្លាដេស៕
ដោយ៖ពលជ័យ




