ប៉ាគីស្ថាន ថា ការចរចារវាងអាមេរិក និងអ៊ីរ៉ង់កំពុងបន្តធ្វើ ទោះបីផ្ទុះអាវុធដាក់គ្នាជាថ្មី
អ៊ីស្លាម៉ាបាដ ៖ ប្រទេស ប៉ាគីស្ថានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ការចរចារវាងអាមេរិក និងអ៊ីរ៉ង់កំពុងបន្តធ្វើ បើទោះបីជា គូជម្លោះទាំងពីរ បានវាយប្រហារគ្នា ទៅវិញទៅមក បង្កភាពតានតឹងឡើងវិញ ក៏ដោយ។
ក្នុងនាមជាអ្នកសម្របសម្រួល ប៉ាគីស្ថានបានលើកឡើងថា ខ្លួនកំពុងខិតខំប្រឹងប្រែង «អស់ពីលទ្ធភាព» ដើម្បីនាំយកអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកត្រឡប់មកកាន់តុចរចាវិញ ក្រោមអនុស្សរណៈនៃការយោគយល់គ្នា ឬ MoU ដែលមានគោលបំណងបញ្ឈប់សង្គ្រាមរវាងភាគីទាំងពីរ ហើយដែលទីក្រុងអ៊ីស្លាម៉ាបាដក៏ជាភាគីមួយដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះផងដែរ។
លោក Tahir Andrabi អ្នកនាំពាក្យក្រសួងការបរទេស ប៉ាគីស្ថាន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងអ៊ីស្លាម៉ាបាដថា «ការចរចារវាងភាគីទាំងពីរគឺកំពុងបន្ត ដើម្បីធ្វើឱ្យស្ថានភាពវិលត្រឡប់ទៅរកភាពប្រក្រតីវិញ»។
ទីក្រុងវ៉ាស៊ីនតោនបានបើកការវាយប្រហារយ៉ាងខ្លាំងក្លាទៅលើគូប្រជែងរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារថ្មីៗ ដែលសំដៅលើប្រទេសហ្ស៊កដានី។
ក្នុងរយៈពេលពីរថ្ងៃ កន្លងមកនេះ ប្រទេសអារ៉ាប៊ី សាអូឌីត បានចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការវាយប្រហារក្រុមសកម្មប្រយុទ្ធ នៅក្នុងប្រទេសអ៊ីរ៉ាក់ ខណៈដែលប្រទេសអេហ្ស៊ីបក៏បានរងការវាយប្រហារជាលើកដំបូងដោយ drone នៅឯកំពង់ផែមួយជាប់សមុទ្រមេឌីទែរ៉ាណេ ដែលជំរុញឱ្យប្រធានាធិបតីរបស់ខ្លួនចេញការព្រមានថា ជម្លោះនៅតំបន់មជ្ឈិមបូព៌ាកំពុងប្រឈមមុខនឹងការកើនឡើងយ៉ាងធ្ងន់ធ្ងរ។
បទឈប់បាញ់អាមេរិក-អ៊ីរ៉ង់ បានដួលរលំ នៅដើមខែនេះ ហើយអ៊ីរ៉ង់បានបិទច្រកសមុទ្រហ័រមូសម្តងទៀត ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់ សម្រាប់ប្រេង និងឧស្ម័ន៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
