គ.ជ.ប ប្រកាសកាលបរិច្ឆេទពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) បានប្រកាសជាផ្លូវការអំពីកាលបរិច្ឆេទនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២៦ គោលបំណងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឱ្យមានភាពត្រឹមត្រូវ តម្លាភាព និងធានាសិទ្ធិបោះឆ្នោតជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប សម្រាប់ត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខ។
គ.ជ.ប. បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរពីកិច្ចដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២៦ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។
យោងតាមសេចក្តីជូនដំណឹងរបស់ គ ជ ប បានអធិប្បាយថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នេះ ធ្វើឡើងក្នុងគោលដៅធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងធ្វើបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព។ ក្នុងនោះ គ.ជ.ប នឹងធ្វើការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោតដែលបានទទួលមរណភាព អ្នកដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន ឬអ្នកដែលបានផ្លាស់លំនៅឋានចេញទៅឃុំ សង្កាត់ផ្សេង ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់។
គ.ជ.ប.បន្ថែមថា ដំណើរការនេះក៏បើកឱកាសឱ្យមានការចុះឈ្មោះបោះឆ្នោត ជូនដល់ប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោតទី៦ ខែមិថុនា ឆ្នាំ២០២៧ ដែលត្រូវជាអ្នកកើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩ ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក។ បន្ថែមពីនេះ ប្រជាពលរដ្ឋដែលបានផ្លាស់លំនៅឋានចូលក្នុងឃុំ សង្កាត់ថ្មី ក៏ត្រូវទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែលសាមីខ្លួនកំពុងរស់នៅជាក់ស្តែងផងដែរ។
ជាមួយគ្នានេះ គ.ជ.ប ក៏នឹងទទួលធ្វើការកែតម្រូវទិន្នន័យជីវប្រវត្តិ តាមសំណើរបស់សាមីខ្លួនដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ ព្រមទាំងធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ដោយថតរូប និងផ្តិតមេដៃ ចំពោះអ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតនាពេលកន្លងមក។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរំលឹកដល់ប្រជាពលរដ្ឋខ្មែរទាំងអស់សូមរៀបចំត្រៀមឯកសារពាក់ព័ន្ធឱ្យបានគ្រប់គ្រាន់ ដើម្បីអញ្ជើញទៅពិនិត្យមើលបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលាកំណត់៕



ដោយ៖ទួន សុផល