ម៉ាឡេស៊ីបោះទុន ៦៨លានដុល្លារ លើឧស្សាហកម្មទឹកដោះគោនៅខេត្តពោធិ៍សាត់
កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងរោងចក្រកែច្នៃធំជាងគេនៅកម្ពុជា នឹងត្រូវបង្កើតឡើងនៅក្នុងខេត្តពោធិ៍សាត់ លើផ្ទៃដី ១ពាន់ហិកតា ជាមួយទុនវិនិយោគប្រមាណ ៦៨លានដុល្លារ។ គម្រោងដ៏ធំនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់បង្កើតឱកាសការងារជាច្រើនដល់ពលរដ្ឋក្នុងតំបន់ ក៏ដូចជាជំរុញវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា។
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្រុមហ៊ុន សូណាវិទ្យ (SONAVITH Co., Ltd.) របស់កម្ពុជា បានសហការជាមួយក្រុមហ៊ុន Farm Fresh Berhad ដែលជាក្រុមហ៊ុនផលិតទឹកដោះគោដ៏ធំរបស់ម៉ាឡេស៊ី និងក្រុមហ៊ុន Alpha Group បានបង្កើតក្រុមហ៊ុនរួមគ្នាឈ្មោះ «FARM FRESH PURSAT» ដើម្បីអនុវត្តគម្រោងវិនិយោគដ៏ធំមួយនេះ នៅក្នុងស្រុកវាលវែង។
អភិបាលខេត្តពោធិ៍សាត់ បានចាត់ទុកគម្រោងវិនិយោគតម្លៃ ៦៨លានដុល្លារ នេះថា ជាគម្រោងប្រវត្តិសាស្រ្តដំបូងគេនៅក្នុងខេត្តពោធិ៍សាត់ ដើម្បីផលិតទឹកដោះគោសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងឈានទៅដល់ការនាំចេញទៅក្រៅប្រទេសនាពេលអនាគត។
សូមបញ្ជាក់ថា ឧស្សាហកម្មទឹកដោះគោនៅកម្ពុជា បានចាប់ផ្ដើមពង្រីកផលិតកម្មរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីជំនួសការនាំចូលទឹកដោះគោពីប្រទេសថៃ ក៏ដូចជា ដើម្បីបំពេញតម្រូវការក្នុងស្រុក។ ជាមធម្យម ប្រទេសកម្ពុជា ត្រូវការទឹកដោះគោស្រស់ជាង ៣៦ លានលីត្រ ក្នុងមួយឆ្នាំ ឬស្មើនឹង ១០ ម៉ឺនលីត្រក្នុងមួយថ្ងៃ។
ប៉ុន្តែ ដោយសារការផលិតក្នុងស្រុកនៅមានកម្រិត ដោយទឹកដោះគោភាគច្រើន ត្រូវនាំចូលពីក្រៅប្រទេសដូចជាប្រទេសម៉ាឡេស៊ី វៀតណាម អាមេរិក សិង្ហបុរី អូស្រ្តាលី ឥណ្ឌូនេស៊ី ជប៉ុន បារាំង អង់គ្លេស អាល្លឺម៉ង់ ចិន ដាណឺម៉ាក ប្រទេសថៃ និងកូរ៉េខាងត្បូង ជាដើម។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ២០២៥ កម្ពុជា បាននាំចូលទឹកដោះគោស្រស់គិតជាទឹកប្រាក់ជាង ៥៦លានដុល្លារ កើនឡើង ១៩លានដុល្លារ ធៀបនឹងឆ្នាំ ២០២៤។ ចំណែកក្នុងខែមករា ឆ្នាំ២០២៦ កម្ពុជា បាននាំចូលទឹកដោះគោស្រស់ ក្នុងទំហំទឹកប្រាក់ជាង ១០លានដុល្លារ៕
ខន ណារី



