អ៊ុយក្រែន សុំសំណាញ់មេឃពី កូរ៉េខាងត្បូង ខណៈចោទ កូរ៉េខាងជើង បញ្ជូនទ័ព ៥ ម៉ឺននាក់ទៅជួយ រុស្ស៊ី
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្នើសុំជំនួយសំណាញ់មេឃ ឬប្រព័ន្ធខែលការពារដែនអាកាសពីកូរ៉េខាងត្បូង ក្រោយចោទប្រកាន់ថា កូរ៉េខាងជើងត្រៀមដាក់ពង្រាយកងទ័ពប្រហែល ៥០,០០០នាក់ទៅកាន់រុស្ស៊ី ដើម្បីចូលរួមប្រយុទ្ធក្នុងសង្គ្រាមអ៊ុយក្រែន ។
បើតាម Straits Times, មេដឹកនាំអ៊ុយក្រែនរូបនេះ បានបង្ហើបតាមបណ្តាញសង្គម X កាលពីថ្ងៃ អាទិត្យ ថា ការសម្រេចចិត្តមួយត្រូវបានធ្វើឡើង ដើម្បីដាក់ពង្រាយកងទ័ពកូរ៉េខាងជើងចន្លោះពី ៣០,០០០ ទៅ ៥០,០០០នាក់នៅលើទឹកដីប្រទេសរុស្ស៊ី ។
លោក ហ្សេលេនស្គី និយាយថា តួលេខចុងក្រោយនេះ កើនឡើងខ្ពស់ជាងការប៉ាន់ប្រមាណរបស់លោក ដែលមានចំនួនត្រឹមតែ ៣០,០០០នាក់ប៉ុណ្ណោះ កាលពីខែកក្កដា ដោយលោកបន្ថែមថា គេបានរកឃើញបំណែកមីស៊ីលរបស់កូរ៉េខាងជើងនៅលើទឹកដីអ៊ុយក្រែនរួចទៅហើយ ។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានអះអាងទៀតថា កូរ៉េខាងជើងនឹងបន្តក្រេបជញ្ជក់បទពិសោធន៍ពីសង្គ្រាមសម័យទំនើបនៅអ៊ុយក្រែន ព្រមទាំងទទួលបានអាជ្ញាប័ណ្ណផលិតអាវុធពីរុស្ស៊ី និងឧបករណ៍យោធាគ្រប់ប្រភេទពីពួកគេមកវិញ ។
ដូច្នេះហើយ លោកជំរុញឱ្យកូរ៉េខាងត្បូងផ្តល់ជំនួយដល់អ៊ុយក្រែនលើវិស័យនានា មានដូចជាប្រព័ន្ធខែលការពារដែនអាកាស និងយន្តហោះដ្រូនជាដើម ។
ការអត្ថាធិប្បាយរបស់លោក ហ្សេលេនស្គី កើតឡើងក្រោយមន្រ្តីទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែនរាយការណ៍ថា កងអង្គភាពមីស៊ីលកូរ៉េខាងជើងបានចាប់ផ្តើមដាក់ពង្រាយនៅតំបន់ភាគខាងលិចប្រទេសរុស្ស៉ី ហើយអាចបំពាក់ជាមួយមីស៊ីលបាលីស្ទិកចំនួន ១២០គ្រាប់ និងប្រព័ន្ធបាញ់មីស៊ីល ៦គ្រឿង សម្រាប់ការវាយប្រហារប្រឆាំងអ៊ុយក្រែន ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

