លោក ត្រាំ កែកុនយុទ្ធសាស្រ្តប្រឆាំង អ៊ីរ៉ង់ ប្តូរពីប្រើកម្លាំងបាយ មកជាសម្ពាធសេដ្ឋកិច្ច
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញសញ្ញាថា សហរដ្ឋអាមេរិកអាចនឹងកែកុនយុទ្ធសាស្រ្តប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដោយបង្វែរពីការបើកប្រតិបត្តិការយោធាថ្មី ទៅជាការដាក់សម្ពាធសេដ្ឋកិច្ចលើសាធារណៈរដ្ឋឥស្លាមមួយនេះវិញ ។
មេដឹកនាំអាមេរិករូបនេះ បានថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន អាហ្សូស (Axios) កាលពីថ្ងៃ អាទិត្យ ថា យើងកំពុងធ្វើវាដោយស្ងាត់ៗ ខណៈការលើកឡើងនេះ ចង់សំដៅលើវិធីសាស្ត្ររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការដាក់សម្ពាធសេដ្ឋកិច្ចប្រឆាំងអ៊ីរ៉ង់ ។
បើតាម Anadolu, លោក ត្រាំ បានបន្ថែមថា អាមេរិកកំពុងចរចាតែពាក់កណ្តាលប៉ុណ្ណោះជាមួយភាគីអ៊ីរ៉ង់ នៅពេលកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពសេដ្ឋកិច្ចរបស់សាធារណៈរដ្ឋឥស្លាមួយនេះ ដែលកំពុងដាំក្បាលចុះយ៉ាងខ្លាំង ។
លោ ត្រាំ បានអះអាងថា អាមេរិកនឹងឈរអោបមើលអ៊ីរ៉ង់ ដែលកំពុងលិចលង់នឹងសម្ពាធអតិផរណាដ៏ខ្ពស់ និងការពិតដែលថា ពួកគេគ្មានលុយទាល់តែសោះ ។
លោកថា អ៊ីរ៉ង់កំពុងស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុដ៏អាក្រក់បំផុតមិនធ្លាប់មាន ហើយក៏កំពុងប្រឈមមុខនឹងបញ្ហាបើកប្រាក់ឱ្យកងទ័ពរបស់ខ្លួនផងដែរ ។
ប្រធានាធិបតីអាមេរិកមានវ័យ៨០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ទៀតថា ការបិទផ្លូវសមុទ្ររបស់សហរដ្ឋអាមេរិក បានបង្កើនសម្ពាធលើរដ្ឋាភិបាលអ៊ីរ៉ង់ និងបានរួមចំណែកធ្វើឱ្យវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសនេះកាន់តែធ្ងន់ធ្ងរ ។
បើតាមការលើកឡើងរបស់លោក ត្រាំ, ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចបណ្តាលមកពីសង្គ្រាមអ៊ីរ៉ង់ទៅលើប្រជាជនអាមេរិកហាក់បានធូរស្រាលហើយ ខណៈពេលដែលតម្លៃប្រេងបានធ្លាក់ចុះមកនៅត្រឹមជាង ៧៥ ដុល្លារក្នុងមួយបារ៉ែល ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

