ឯកឧត្តម ហេង រតនា៖ ថៃខិតខំបង្វែរសាច់រឿងពិត ប្រឌិតរឿងថ្មី
ឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានរិះគន់ប្រទេសថៃថា ខិតខំប្រកែកមិនទទួលស្គាល់កំហុស ហើយបង្វែរសាច់រឿងពិត ប្រឌិតរឿងថ្មី ដើម្បីលាក់បាំងនូវមហាពុតត្បុតរបស់ខ្លួន ក្នុងគោលបំណងមួលបង្កាច់កម្ពុជានូវតួលេខជនភៀសសឹកខ្មែរជាង ៦៥ម៉ឺននាក់ ដែលបង្ហាញនៅក្នុងរបាយការណ៍របស់អ្នករាយការណ៍សិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
ការឆ្លើយតបរបស់អគ្គនាយក CMAC នេះធ្វើឡើងបន្ទាប់ពីមានការចេញមកបកស្រាយពីភាគីទាហានថៃថា ខ្លួនមិនបានទម្លាក់គ្រាប់បែកទៅលើទីតាំងជនស៊ីវិលកម្ពុជា និងទីតាំងសម្បត្តិបេតិកភណ្ឌវប្បធម៌នៅតាមព្រំដែនកម្ពុជា-ថៃទេ។
អគ្គនាយក CMAC បានបញ្ជាក់នៅលើបណ្តាញសង្គមកាលពីថ្ងៃទី១១ ខែសីហានេះថា តំបន់ស៊ីវិលជាក្រុង និងភូមិចំនួន ៣៤៩ បានរងផលប៉ះពាល់ដោយផ្ទាល់ពីសង្គ្រាមដោយសារការបាញ់ផ្លោងគ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែក និងគ្រាប់យុទ្ធភណ្ឌទូទៅ។ ប្រជាជនរងផលប៉ះពាល់មានចំនួនជាង ៩ម៉ឺនគ្រួសារ ស្មើនឹងចំនួនមនុស្ស ៣៦ម៉ឺន៥ពាន់នាក់។
ឯកឧត្តម ហេង រតនា បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ អង្គភាពស៊ីម៉ាក់បានបញ្ចប់ការស្រាវជ្រាវព័ត៌មានពីសំណល់យុទ្ធភណ្ឌ ដែលសល់ពីសង្គ្រាមសៀមឈ្លានពានរួចរាល់បានចំនួន ៣៣៥ភូមិ ដែលមានផ្ទៃដីរងផលប៉ះពាល់ជាង ៣ ៨០០គីឡូម៉ែត្រក្រឡា។ តួរលេខខាងលើនេះមិនទាន់រាប់បញ្ចូលចំនួនក្រុង ភូមិឋាន និងចំនួនប្រជាជន ដែលបានបោះបង់ចោលផ្ទះសម្បែង ដោយសារការភ័យខ្លាចសង្គ្រាមទេ។
ទោះបីជាភាគីថៃខិតខំប្រកែកមិនទទួលស្គាល់ការពិតក៏ដោយ ក៏ឯកឧត្តម ហេង រតនា បញ្ជាក់ថា កម្ពុជាមានភស្តុតាងជាច្រើនក្រៅពីប្រជាជនកម្ពុជាដែលជាជនរងគ្រោះផ្ទាល់ ក្នុងនោះនៅការខូចខាតប្រាង្គប្រាសាទបុរាណខ្មែរ ផ្ទះសំបែងប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងអគារតូចធំរាប់ម៉ឺនខ្នង ដែលរងការបំផ្លិចបំផ្លាញយ៉ាងកំរោលឃោរឃៅ ដោយការទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម និងអាវុធមានសារធាតុគីមីជាដើម។
សូមបញ្ជាក់ថា នៅថ្ងៃអង្គារ៍ទី១១ ខែសីហានេះ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទីតាំងមណ្ឌលសុខភាពតេជោមរកត ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាទីតាំងរងការវាយប្រហារពីសំណាក់កងកម្លាំងយោធាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥ ដោយការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 ការបាញ់គ្រាប់ផ្លោងប្រភេទ ១៥៥mm គ្រាប់បែកចង្កោម និងដ្រូនជាច្រើនគ្រាប់ បណ្តាលឱ្យមណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធជុំវិញត្រូវរងការបំផ្លិចបំផ្លាញ និងខូចខាតយ៉ាងដំណំ ៕
សេង បារាំង AMS





























