ឆមាសទី១ ឆ្នាំនេះ កម្ពុជានាំចូលគ្រឿងសមុទ្រតម្លៃជាង ៦១លានដុល្លារ ខណៈនាំចេញជាង ១២០០ តោន
រយៈពេល ៦ខែដើមឆ្នាំនេះ កម្ពុជាបានចំណាយជាង ៦១លាន ដុល្លារអាម៉េរិកលើការនាំចូលគ្រឿងសមុទ្រ ។ ប៉ុន្តែកម្ពុជាក៏បាននាំ ចេញគ្រឿងសមុទ្ររបស់ខ្លួនទៅទីផ្សារក្រៅប្រទេសដែរ។ នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ក្នុងឆមាសទី១ឆ្នាំនេះ កម្ពុជាបានចំណាយថវិកាជាង ៦១លានដុល្លារ ដើម្បីនាំចូលគ្រឿងសមុទ្រសរុបជិត៣៨ពាន់តោន មកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា មុខទំនិញគ្រឿងសមុទ្រដែលកម្ពុជានាំចូលជាចម្បងៗ រួមមាន ត្រីធូណា បង្គាស្រស់/ក្លាសេ មឹក គ្រឿងសមុទ្របង្កក លៀសសមុទ្រ គ្រែង ងាវ និងគ្រំជាដើម។
តាមរបាយការណ៍ដដែលចង្អុលថា វៀតណាម គឺជាប្រភពនាំ ចូល គ្រឿងសមុទ្រធំជាងគេមកកម្ពុជា ដែលមានទំហំទឹកប្រាក់រហូតដល់ជាង ៣៣លានដុល្លារ ,បន្ទាប់មកគឺប្រទេសចិន មានតម្លៃជាង ១៦លានដុល្លារ។ ដោយឡែក ទីផ្សារនាំចូលផ្សេងទៀតដូចជា ថៃ ហុងកុង អូស្ត្រាលី បារាំង ជប៉ុន កូរ៉េ ម៉ាឡេស៊ី និងប្រទេសដទៃទៀត មានទំហំនាំចូលក្នុងតម្លៃក្រោម ១០លានដុល្លារ។
ទន្ទឹមគ្នានេះដែរ កម្ពុជាក៏បាននាំចេញគ្រឿងសមុទ្រទៅកាន់ទីផ្សារ អន្តរជាតិ វិញផងដែរ។ ក្នុងរយៈពេលដូចគ្នា កម្ពុជារកចំណូលបានជាង ១លានដុល្លារ ពីការនាំចេញគ្រឿងសមុទ្រក្នុងបរិមាណជាង ១,២០០ តោន ទៅកាន់ប្រទេសមួយចំនួនដូចជា ចិន ហុងកុង ឥណ្ឌា អាម៉េរិក កូរ៉េ ជប៉ុន បារាំង និងកាណាដាជាដើម។គ្រឿងសមុទ្រ ដែលកម្ពុជា នាំចេញមានដូចជា ប្រហិតត្រី ប្រហិតបង្គា ពងត្រីប្រឡាក់ ពពុះទឹក និងអំបិល។
សូមរំលឹកថា កាលពីឆ្នាំ២០២៥ កម្ពុជាបានចំណាយជាង ៧៤លាន ដុល្លារ លើការនាំចូលគ្រឿងសមុទ្រពីបរទេស ក្នុងបរិមាណជិត ៥០ពាន់ តោន។ ដោយឡែកសម្រាប់ការនាំចេញវិញ កម្ពុជារកចំណូល បាន ជាង ៩៤ម៉ឺនដុល្លារ ពីការនាំចេញគ្រឿងសមុទ្រប្រមាណ ១,៦០០ តោន ទៅកាន់ទីផ្សារអន្តរជាតិ៕
ដោយ៖ទួន សុផល


