គ្រូជម្រើសជាតិកីឡាវាយសីរំពឹងថា កម្ពុជាអាចដណ្តើមបានមេដាយមាសយ៉ាងតិច៣គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី​អាគ្នេយ៍​លើកទី៣

លោក ឈិត សាមាន គ្រូបង្វឹកកីឡាវាយសីជម្រើសជាតិកម្ពុជាបានបង្ហាញក្តីរំពឹងយ៉ាងមុតមាំថា អត្តពលិកម្ចាស់ផ្ទះកម្ពុជា នឹងអាចដណ្តើមបានមេដាយមាសយ៉ាងតិចចាប់ពី ៣គ្រឿងឡើងទៅ នៅក្នុងការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ី អាគ្នេយ៍លើកទី៣ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ព្រឹត្តិការណ៍កីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅចាប់ពី​ថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ នៅទីលានកីឡាវាយសីនៃពហុកីឡដ្ឋានជាតិមរតកតេជោ។

ដោយទឹកមុខមានជំនឿជាក់លោក ឈិត សាមាន គ្រូបង្វឹកជម្រើសជាតិ បានបញ្ជាក់ថា អត្តពលិកកម្ពុជាទាំង ៣ប្រភេទអាយុ បានខិតខំហ្វឹកហាត់ត្រៀមខ្លួនយ៉ាងដិតដល់ ដោយមានប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រជែងយកមេដាយជូនជាតិ។

ជុំវិញព្រឹត្តិការណ៍កម្រិតអន្តរជាតិដែលនឹងចូលមកដល់ កីឡាករវ័យ ១៤ឆ្នាំ នូ រស្មីរតនា បានអះអាងថា រូបគេព្រមមិត្តរួមក្រុម បានត្រៀមលក្ខណៈរួចរាល់ទាំងកម្លាំងកាយចិត្ត។ សម្រាប់ការប្រកួតកម្រិតអន្តរជាតិនេះ រស្មីរតនា ប្តេជ្ញាធ្វើឱ្យបានល្អបំផុតដើម្បី​ដណ្តើម​មេដាយ​ជូនជាតិ និងបង្កើតលទ្ធផលឱ្យកាន់តែប្រសើរជាងឆ្នាំមុន។

គួររំលឹកថា ព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ ទទួលបានការអនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតាមរយៈការស្នើសុំពីក្រសួងអប់រំ យុវជន និងកីឡា។ ការប្រកួតឆ្នាំនេះ មានប្រទេសចូលរួមចំនួន ៧ រួមមាន៖ កម្ពុជា (ម្ចាស់ផ្ទះ), ឡាវ, ទីម័រខាងកើត, ព្រុយណេ, វៀតណាម, ហ្វីលីពីន និងមីយ៉ាន់ម៉ា។

កាលពីការប្រកួតលើកទី២ ឆ្នាំ២០២៥ កន្លងទៅ កម្ពុជាដណ្តើមបានមេដាយរួមមាន៖ មេដាយមាស ៥គ្រឿង, មេដាយប្រាក់ ១២គ្រឿង និងមេដាយសំរឹទ្ធ ១១គ្រឿង៕

រូបភាព៖ ជីម ភារ៉ា
អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner