សារធាតុញៀនជាងមួយតោន ដែលឥណ្ឌូណេស៊ីចាប់បាន គឺដឹកចេញពីថៃ មិនពាក់ព័ន្ធកម្ពុជាទេ
សារធាតុញៀនទម្ងន់១,៣តោន ដែលអាជ្ញាធរឥណ្ឌូណេស៊ីស្ទាក់ចាប់បាន គឺត្រូវបានដឹកចេញតាមកប៉ាល់ពីប្រទេសថៃ ដោយច្រកក្នុងការ៉ុងបោះពុម្ពម៉ាកអង្ករខ្មែរ ដែលគ្រាន់តែជាល្បិចបន្លំភ្នែករបស់ក្រុមឧក្រិដ្ឋជនប៉ុណ្ណោះ ពោលគឺមានពាក់ព័ន្ធនឹងកម្ពុជាឡើយ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
ឯកឧត្តមបានប្រាប់បណ្តាញសារព័ត៌មាន AMS ថា ករណីបង្ក្រាបគ្រឿងញៀននៅឥណ្ឌូណេស៊ីនេះ គឺជារឿងរវាងថៃ និងឥណ្ឌូណេស៊ីប៉ុណ្ណោះ ហើយការប្រើប្រាស់ការ៉ុងច្រកអង្ករខ្មែរ មិនមែនជាភស្តុតាងបង្ហាញថា គ្រឿងញៀនមានប្រភពចេញពីកម្ពុជានោះទេ ហើយអាជ្ញាធរឥណ្ឌូណេស៊ីក៏មិនបានចោទប្រកាន់មកលើកម្ពុជានោះដែរ។
សូមបញ្ជាក់ថា កងទ័ពជើងទឹកឥណ្ឌូណេស៊ីស្ទាក់រឹបអូសសារធាតុញៀនទាំងនោះនៅលើនាវាសង្ស័យមួយ ដែលបានចាកចេញពីប្រទេសថៃ ហើយចូលដល់ដែនទឹកឥណ្ឌូណេស៊ី នៅថ្ងៃទី៦ ខែសីហា។ អាជ្ញាធរបានរកឃើញបាវចំនួន ៦៥ការ៉ុង ផ្ទុកសារធាតុ កេតាមីន ដែលមានតម្លៃប៉ាន់ស្មានក្នុងទីផ្សារងងឹតរហូតដល់ ១១៦លានដុល្លារ។មនុស្សចំនួន ៨នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះ ៧នាក់ជាជនជាតិភូមា និងម្នាក់ជាជនជាតិតៃវ៉ាន់។
អាជ្ញាធរឥណ្ឌូណេស៊ីបានពន្យល់ថា ពួកគេកំពុងបន្តស្រាវជ្រាវរកកំពង់ផែចេញដំណើរ គោលដៅចុងក្រោយ ព្រមទាំងអត្តសញ្ញាណរបស់អ្នកផ្ញើ និងអ្នកទទួល។ ករណីនេះបានកើតឡើងបន្ទាប់ពីការរឹបអូសកញ្ឆាទម្ងន់ ៣,៣៧តោន កាលពីពេលមុន ដែលត្រូវបានដឹកជញ្ជូនពីប្រទេសថៃទៅកាន់ឥណ្ឌូណេស៊ីដូចគ្នា។
លោកបណ្ឌិត ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ បានលើកឡើងថាការប្រើប្រាស់ការ៉ុងអង្ករខ្មែរ ដើម្បីច្រក និងនាំគ្រឿងញៀនទៅកាន់ប្រទេសឥណ្ឌូណេស៊ី ហាក់បីដូចជាមានចេតនា និងការចង់បង្ហាញថា គ្រឿងញឿនទាំងអស់នោះគឺមានប្រភពមកពីកម្ពុជា។ វិធីសាស្រ្តនេះអាចនឹងត្រូវបានប្រើប្រាស់ដោយក្រុមឧក្រិដ្ឋជន ដើម្បីបង្កឱ្យមានការសង្ស័យមកលើកម្ពុជា និងធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់ម៉ាកយីហោអង្ករខ្មែរ។
បើតាមអ្នកជំនាញរូបនេះ រាជរដ្ឋាភិបាលកម្ពុជា គួរចេញសេចក្តីថ្លែងការណ៍បំភ្លឺជាផ្លូវការ និងឆាប់រហ័ស ដើម្បីបង្ហាញថា ទំនិញ ឬការប្រើប្រាស់ការ៉ុងអង្ករខ្មែរសម្រាប់ច្រក និងដឹកជញ្ជូនគ្រឿងញៀនចេញពីប្រទេសថៃ មិនមែនមានប្រភពមកពីកម្ពុជាឡើយ ហើយក្រុមឧក្រិដ្ឋជនទាំងនោះ គឺមានបំណងប្រើប្រាស់សម្ភារៈវេចខ្ចប់គ្រប់ប្រភេទដើម្បីបន្លំភ្នែកអាជ្ញាធរ។
លោកបណ្ឌិត ថុង ម៉េងដាវិត យល់ឃើញថា ទោះបីក្រុមឧក្រិដ្ឋជនមានចេតនាពិតប្រាកដបែបណាក៏ដោយ អ្វីដែលសំខាន់បំផុតសម្រាប់កម្ពុជាពេលនេះ គឺការគ្រប់គ្រងព័ត៌មាន និងការបកស្រាយឲ្យបានឆាប់រហ័សពីសំណាក់រាជរដ្ឋាភិបាល ដើម្បីការពារកិត្តិយសអង្ករខ្មែរ និងកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិ៕
ទួន សុផល







