យុវជនបំពេញកាតព្វកិច្ចយោធានឹងទទួលប្រាក់ឧបត្ថម្ភប្រចាំខែ ៤០ម៉ឺនរៀល និងរបបផ្សេងៗដូចយោធិនអាជីព

យុវជនដែលចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀលក្នុងមួយខែ ព្រមទាំងគោលរបបផ្សេងៗទៀត ដូចយោធិនអាជីពដែរ ក្នុងនោះរួមមាន ប្រាក់ម្ហូបប្រចាំថ្ងៃ ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់ ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារនិងកូន របបអង្ករប្រចាំថ្ងៃ របបឯកសណ្ឋានប្រយុទ្ធ និងបរិក្ខារចាំបាច់មួយចំនួនទៀត។

អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ ចែងយ៉ាងច្បាស់អំពីបែបបទនៃការធ្វើជំរឿន ការជ្រើសរើស ព្រមទាំងការទទួលយកពលរដ្ឋ ដែលបញ្ចប់កាតព្វកិច្ចយោធាឱ្យចូលបម្រើការងារ ឬបន្តការសិក្សាវិញ។

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា យល់ឃើញថា ការផ្ដល់ប្រាក់ឧបត្ថម្ភ និងរបបផ្សេងៗ ដែលយុវជនទទួលបានពេលបំពេញកាតព្វកិច្ចយោធា ពិតជាសមស្រប។ ប៉ុន្តែលោកយល់ថា ការទទួលយកពលរដ្ឋ ដែលបញ្ចប់កាតព្វកិច្ចយោធា ឱ្យចូលបម្រើការងារវិញក្រោយអាក់ខានរយៈពេល ២ឆ្នាំ ហាក់ដូចជាបន្ទុកមួយសម្រាប់ក្រុមហ៊ុន សហគ្រាស និងវិស័យឯកជន។

ការជ្រើសរើសប្រជាពលរដ្ឋចូលចំពេញកាតព្វកិច្ចយោធាត្រូវអនុវត្តដោយស្ម័គ្រចិត្ត និងតាមការចាប់ឆ្នោត។ យុវជនដែលមានចាប់ពីអាយុ ១៨ឆ្នាំ ដល់២៥ឆ្នាំ ត្រូវចូលបំពេញកាតព្វកិច្ចយោធា រយៈពេល ២៤ខែ។ បន្ទាប់ពីអនុវត្តកាតព្វកិច្ចយោធាចប់ ពួកគេអាចវិលទៅជីវភាពស៊ីវិលវិញបាន ហើយក៏អាចចូលទៅបំពេញការងារក្នុងក្រខបខ័ណ្ឌដើមរបស់ស្ថាប័ន សហគ្រាសសាធារណៈ ឬឯកជន និងអង្គការសង្គមស៊ីវិល ដោយរក្សាតំណែងដូចមុនពេលបំពេញកាតព្វកិច្ចយោធាផងដែរ។

សូមជម្រាបថា ច្បាប់ស្ដីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៦។ ច្បាប់នេះក៏មានចែងពីទោសទណ្ឌ ចំពោះអ្នកមិនបានបំពេញកាតព្វកិច្ចដែរ ដោយអ្នកគេចវេះ នឹងត្រូវមានទោសជាប់ពន្ធនាគារ ៦ខែ ទៅ ២ឆ្នាំ ហើយត្រូវរងពិន័យពី ១លានរៀលទៅ៤លានរៀល។ ប៉ុន្តែបើការគេចវេះធ្វើឡើងក្នុងកាលៈទេសៈ ដែលប្រទេសមានសង្គ្រាម ឬរងការឈ្លានពាន អ្នកគេចវេះនឹងជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងរងពិន័យពី ៤លានរៀល ទៅ១០លានរៀល៕

ខន ណារី AMS

ads banner