អ្នកស្ម័គ្រចិត្តប្រមាណ ៨០០នាក់ នឹងជិះកង់ពីភ្នំពេញទៅប្រាសាទភ្នំដា ដើម្បីទេសចរណ៍ បរិស្ថាន និងការអប់រំ
អ្នកជិះកង់ស្ម័គ្រចិត្តប្រមាណជាង ៨០០នាក់ គ្រោងនឹងជិះកង់ពីរាជធានីភ្នំពេញទៅកាន់ប្រាសាទភ្នំដា ខេត្តតាកែវ ដើម្បីចូលរួមបំផុស និងផ្សព្វផ្សាយវិស័យទេសចរណ៍ បរិស្ថាន និងសប្បុរសធម៌។ ការជិះកង់នេះ នឹងធ្វើឡើងលើចម្ងាយផ្លូវ ១៧៩គីឡូម៉ែត្រ នៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦នេះ។
ក្លឹបអ្នកជិះកង់ចម្រុះអូដាកកម្ពុជា ក្រោមការរៀបចំរបស់សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិភ្នំដា និងទទួលបានការគាំទ្រពីក្រសួងទេសចរណ៍ នឹងដឹកនាំអ្នកជិះកង់ស្ម័គ្រចិត្តប្រមាណជាង ៨០០នាក់ ជិះកង់ពីរាជធានីភ្នំពេញ ទៅកាន់ប្រាសាទភ្នំដា ស្ថិតក្នុងស្រុកអង្គរបុរី ខេត្តតាកែវ លើចម្ងាយផ្លូវ ១៧៩គីឡូម៉ែត្រ នៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។
កម្មវិធី «ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សា»នេះបង្កើតឡើងក្នុងគោលបំណងបំផុស និងផ្សព្វផ្សាយចលនាកីឡាទេសចរណ៍ តំបន់ទេសចរណ៍ និងការយកចិត្តទុកដាក់លើបរិស្ថាន ព្រមទាំងផ្សារភ្ជាប់ជាមួយកម្មវិធីសប្បុរសធម៌ ដើម្បីចូលរួមជួយដល់សង្គមជាតិ។
លោក ឈួន សុភ័ក្រសាដា ប្រធានក្លឹបអ្នកជិះកង់ចម្រុះអូដាកកម្ពុជា បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ក្នុងរដូវកាលបៃតងនេះមានវិញ្ញាសាចំនួន ៣ គឺ កម្រិតអាជីព ជិះចម្ងាយ ១៧៩គីឡូម៉ែត្រ, កម្រិតមធ្យម ចម្ងាយ ៥០គីឡូម៉ែត្រ និងការជិះកម្សាន្ត ចម្ងាយ ៨គីឡូម៉ែត្រ។ តាមការគ្រោងទុក ព្រឹត្តិការណ៍នេះនឹងទទួលបានអ្នកជិះកង់ប្រមាណជាង ៨០០នាក់។
ក្នុងកម្មវិធីជិះកង់ពីភ្នំពេញទៅប្រាសាទភ្នំដាលើកដំបូងនេះ នឹងមានកម្មវិធីអមសំខាន់ៗមួយចំនួន ដូចជាការនាំយកសម្ភារៈសិក្សាផ្តល់ជូនសិស្សានុសិស្សខ្វះខាតប្រមាណ ៤៣៧នាក់ មកពីសាលាបឋមសិក្សាចំនួន ៤ និងលោកគ្រូ អ្នកគ្រូចំនួន ៣១នាក់។
បន្ទាប់មក ក៏នឹងមានការដាំកូនឈើក្ងោកចំនួន ៦០០ដើម នៅតាមផ្លូវឡើងទៅកាន់ប្រាសាទភ្នំដា ដើម្បីលើកកម្ពស់បរិស្ថាន និងសោភ័ណភាពផ្លូវឆ្ពោះទៅកាន់តំបន់ទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រមួយនេះ ឱ្យកាន់តែមានភាពទាក់ទាញថែមទៀត។
គណៈកម្មការរៀបចំបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវដែលក្បួនកង់នឹងឆ្លងកាត់ ចូលរួមអបអរសាទរ និងគាំទ្រកម្មវិធីដ៏មានសារៈសំខាន់នេះផងដែរ។
សូមបញ្ជាក់ ការចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះ មិនតម្រូវឱ្យបង់ថវិកាឡើយ ហើយអ្នកចូលរួមនឹងទទួលបានអាវយឺតដ៏ស្រស់ស្អាត ព្រមទាំងអាហារសាមគ្គីពេលថ្ងៃត្រង់ដោយឥតគិតថ្លៃទៀតផង។ ប៉ុន្តែ ដោយសារព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ មានការផ្សារភ្ជាប់ជាមួយសកម្មភាពសប្បុរសធម៌ កីឡាករ កីឡាការិនី និងអ្នកចូលរួមទាំងអស់ អាចចូលរួមបរិច្ចាគជាសម្ភារៈ កូនឈើ និងថវិកា ដើម្បីជួយដល់សិស្សានុសិស្ស ដែលមានជីវភាពខ្វះខាតជាក់ស្តែងផងដែរ៕
ផលិតដោយ៖ ជាវ ចន្ធូ

