រោងចក្រកែច្នៃកៅស៊ូ ៧ទីតាំងនៅរតនគិរី អាចផលិតកៅស៊ូក្រែបបាន ៣៥តោនក្នុងមួយថ្ងៃ
រោងចក្រកែច្នៃកៅស៊ូចំនួន៧ទីតាំងនៅខេត្តរតនគិរីកំពុងដំណើរ ការមមាញឹកដោយអាចផលិតកៅស៊ូក្រែបសរុបបាន៣៥តោន ក្នុង មួយថ្ងៃ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។
លោក ខណ្ឌ ចំណាន អភិបាលរងខេត្តរតនគិរីបានឱ្យដឹងថា ការផលិតកៅស៊ូក្រែបនៅខេត្តរបស់លោកកំពុងដំណើរការយ៉ាង សកម្មសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបាននាំចេញជាង១០ម៉ឺន តោនក្នុងមួយឆ្នាំ។ខេត្តមានរោងចក្រកែច្នៃកៅស៊ូចំនួន ៧ទីតាំង ដែលមានសមត្ថភាពផលិតកៅស៊ូក្រែបបាន ៣៥តោនក្នុងមួយថ្ងៃ ។ច្រវាក់ផលិតកម្មនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើត ការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
គួរជម្រាបថា រោងចក្រកែច្នៃកៅស៊ូក្រែបទាំង៧ទីតាំង ក្នុងខេត្តរតនគិរី អាចផលិតចន្លោះពី ១តោន ទៅ ២តោន ក្នុងមួយម៉ោង។ ក្រៅពីរោង ចក្រខ្នាតធំ ខេត្តនេះក៏មានសិប្បកម្មកែច្នៃកៅស៊ូសន្លឹកចំនួន ៩ទីតាំង ផ្សេងទៀត ដែលអាចផលិតបាន ៥០តោន ក្នុងមួយឆ្នាំផងដែរ។
ចំពោះការនាំចេញជ័រកៅស៊ូក្រែបតាមច្រកទ្វារអន្តរជាតិអូយ៉ាដាវ មានបរិមាណជាមធ្យមជាង ១,០៥០តោនក្នុងមួយខែ ដោយទទួល បានតម្លៃនាំចេញ ១,៨៥០ដុល្លារក្នុងមួយតោន ខណៈកៅស៊ូបង្កក មានតម្លៃចន្លោះពី ៩០០ ដល់ ៩៥០ដុល្លារ ក្នុងមួយតោន។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តរតនគិរី បានបង្ហាញថា ខេត្តនៅភូមិភាគឦសានមួយនេះ មានផ្ទៃដីដាំដំណាំកៅស៊ូសរុបជាង ៧១,០០០ហិកតា ក្នុងនោះផ្ទៃដីដែលកំពុងចៀរជ័រចំនួនជាង ៦៣,០០០ ហិកតា។ ដោយឡែកផ្ទៃដីកៅស៊ូឯកជន និងលក្ខណៈគ្រួសារមាន ចំនួនជាង ៤៣,០០០ហិកតា នៃប្រជាពលរដ្ឋជាង ៤ពាន់គ្រួសារ។
ដំណាំកៅស៊ូជាដំណាំឧស្សាហកម្មដ៏មានសក្តានុពលរបស់កម្ពុជា ដែលតម្រូវឱ្យមានអាកាសធាតុ កម្រិតទឹកភ្លៀង និងប្រភេទដីសមស្រប ជាពិសេសប្រភេទដីក្រហម និងដីល្បាប់ភ្នំ។
បច្ចុប្បន្នខេត្តដែលមានផ្ទៃដីដាំដុះកៅស៊ូធំជាងគេ និងជាប្រភព ផលិតផលជ័រកៅស៊ូសំខាន់ៗ រួមមាន ខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ រតនគិរី មណ្ឌលគិរី និងខេត្តស្ទឹងត្រែង ជាខេត្តស្ថិតនៅតំបន់ភាគ ខាងកើត និងឦសាន។ តំបន់ទាំងនេះមានអំណោយផលខ្លាំងដោយសារមានដីក្រហម មានជីជាតិខ្ពស់ និងមានរបបទឹក ភ្លៀងគ្រប់គ្រាន់។
យោងតាមអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម បានបង្ហាញនូវ ការកត់សម្គាល់ថា វិស័យកៅស៊ូកម្ពុជា កំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដោយរកចំណូលបានរហូតដល់ជាង ៨៣០ លានដុល្លារពី ការនាំចេញផលិផលកៅស៊ូ ក្នុងនោះមានជ័រកៅស៊ូ និងឈើកៅស៊ូ កាលពីឆ្នាំ២០២៥ ពោលគឺកើនឡើង ២៤%បើធៀបនឹងឆ្នាំកន្លងទៅ៕
ដោយ៖ទួន សុផល





