ក្រុមហ៊ុនក្នុងស្រុកមួយប្រកាសទិញស្រូវពីកសិករ ដើម្បីជួយរក្សាស្ថេរភាពតម្លៃ
ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd.) បានចាប់ផ្តើមទិញស្រូវពីកសិករ តាមកិច្ចសន្យាជាមួយក្រុមអ្នកផលិតស្រូវ ដែលបានចុះហត្ថលេខានៅទីស្នាក់ការធានាគាអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) នាពេលកន្លងទៅថ្មីៗនេះ។
ការប្រមូលទិញស្រូវរបស់ក្រុមហ៊ុន គឺផ្តោតលើខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប។ ក្រុមហ៊ុនបញ្ជាក់ថា ការអនុវត្តកិច្ចសន្យាកសិកម្មនេះ បានផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តដល់កសិករ ព្រោះមានទីផ្សារ និងមានការរៀបចំការប្រមូលទិញបានទាន់ពេលវេលា។ ជាងនេះទៅទៀត វាជួយកាត់បន្ថយការព្រួយបារម្ភរបស់កសិករនៅពេលប្រមូលផល និងជំរុញឱ្យកសិករបន្តផលិតស្រូវប្រកបដោយគុណភាព។
លោកឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់ថា ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូ អិលធីឌី មានសមត្ថភាពជួយទិញស្រូវពីកសិករប្រមាណជាង ២០ម៉ឺនតោនក្នុងមួយឆ្នាំ។ លោកឧកញ៉ាអះអាងថា ការរួមចំណែកជួយទិញស្រូវពីកសិករនេះ ជាផ្នែកមួយជួយទប់ស្កាត់អស្ថេរភាពតម្លៃស្រូវ។
លោកឧកញ៉ា ឡាយ ឈុនហួរ បានបញ្ជាក់បន្ថែមប្រាប់បណ្ដាញព័ត៌មាន AMS ថាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាជួយទិញស្រូវសើមពីកសិករប្រមាណពី ៧ទៅ៨លានតោនក្នុងមួយឆ្នាំ ខណៈនៅសល់ប្រមាណ ៦ទៅ៧លានតោនប្រទេសជិតខាងជាអ្នកទិញ។
ចំណែកឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការទិញស្រូវពីកសិករតាមកិច្ចសន្យារបស់ក្រុមហ៊ុន គឺជារឿងល្អ ដែលក្រសួងបាន និងកំពុងជំរុញ ដើម្បីធានាទីផ្សារតម្លៃស្រូវឲ្យសមរម្យ។
កម្ពុជាបានទទួលចំណូល៤១៥លានដុល្លារអាមេរិកពីការនាំចេញអង្ករជាង ៧០ម៉ឺនតោន នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៦នេះ។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។ ទទ្ទឹមគ្នានេះផងដែរ កម្ពុជាក៏បាននាំចេញស្រូវជាង ៣លានតោន ទៅកាន់ប្រទេសជិតខាង ជាមួយទំហំទឹកប្រាក់ជាង ៦៦៥លានដុល្លាអាមេរិក៕
សេង បារាំង AMS

