លោក Trump គំរាមទម្លាក់គ្រាប់បែកកម្ទេច អូម៉ង់ បើហ៊ានធ្វើកិច្ចព្រមព្រៀងច្រកសមុទ្រ ហ័រមូស ជាមួយ អ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាលពីថ្ងៃ ចន្ទ ថា នឹងបញ្ជូនយោធាទៅទម្លាក់គ្រាប់បែកកម្ទេចប្រទេសអូម៉ង់ បន្ទាប់ពីអ៊ីរ៉ង់ប្រកាសថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយអូម៉ង់ លើផែនទីកំណត់ផ្លូវនាវាចរណ៍ថ្មី ដើម្បីគ្រប់គ្រងការធ្វើដំណើររបស់កប៉ាល់ដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ។
លោក ត្រាំ បានព្រមានធ្ងន់ៗក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ Fox News ថា ប្រសិនបើអូម៉ង់ចូលមកពាំងផ្លូវ ក្នុងកិច្ចខិតខំដោះស្រាយជម្លោះរវាងអាមេរិកជាមួយអ៊ីរ៉ង់ និងការបើកច្រកសមុទ្រ ហ័រមូស ឡើងវិញ នោះយើងនឹងទៅទម្លាក់គ្រាប់បែកកម្ទេចពួកគេចោលតែម្តង ។
ក្រៅពីគំរាមទម្លាក់គ្រាប់បែកកម្ទេចអូម៉ង់ ប្រធានាធិបតីអាមេរិកមានវ័យ៨០ឆ្នាំរូបនេះ ថែមទាំងជំរុញឱ្យអ៊ីរ៉ង់លើកទង់ជ័យសុំចុះចាញ់សង្គ្រាម ហើយបាននិយាយថា លោកគ្មានកាលវិភាគសម្រាប់ជម្លោះនេះទេ ពោលនឹងបន្តរហូតដល់អាមេរិកទទួលជ័យជំនះ ។
បើតាម Times of Israel, ជម្លោះរវាងអ៊ីរ៉ង់ និងអាមេរិក បានស្ថិតក្នុងស្ថានភាពជាប់គាំង លើការគ្រប់គ្រងច្រកសមុទ្រ ហ័រមូស និងកម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេហេរ៉ង់ ។
អ៊ីរ៉ង់បានបិទផ្លូវទឹកយុទ្ធសាស្រ្តនេះស្ទើរតែទាំងស្រុង ខណៈដែលអាមេរិកបានឡោមព័ទ្ធកំពង់ផែអ៊ីរ៉ង់ ក្នុងគោលបំណងដាក់សម្ពាធលើសាធារណរដ្ឋឥស្លាមនេះ ឱ្យទទួលយកកិច្ចព្រមព្រៀងមួយ ដែលអាចទទួលយកបាន ដើម្បីបើកច្រកសមុទ្រ ហ័រមូស ឡើងវិញ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

