ពាណិជ្ជកម្មកម្ពុជា-ថៃ បន្តធ្លាក់ចុះ ខណៈពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសដៃគូធំៗកំពុងកើនសន្ទុះ
ស្របពេលដែលការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូពាណិជ្ជកម្មធំៗ ដូចជា សហរដ្ឋអាមេរិក ចិន និង វៀតណាម មានសន្ទុះកើនឡើងខ្លាំង ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ មានការធ្លាក់ចុះយ៉ាងខ្លាំងជាបន្តទៀត។
របាយការណ៍ផ្លូវការរបស់ក្រសួងពាណិជ្ជកម្មបង្ហាញថា នៅក្នុងរយៈពេល ៧ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា សម្រេចបានជាង ៤៥ពាន់លានដុល្លារ កើនឡើង ២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដោយការផ្លាស់ប្តូរទំនិញមានទំហំទឹកប្រាក់ជាង ១៣,៦ពាន់លានដុល្លារ កើនឡើងជាង ២៣ភាគរយ។ ចំណែក ពាណិជ្ជកម្មកម្ពុជា ជាមួយសហរដ្ឋអាមេរិក សម្រេចបានទំហំទឹកប្រាក់ជាង ៩,៤ពាន់លានដុល្លារ កើនឡើង ៣២ភាគរយ។ ដោយឡែក ពាណិជ្ជកម្មកម្ពុជា ជាមួយវៀតណាម សម្រេចបានទំហំទឹកប្រាក់ជាង ៥,៣ពាន់លានដុល្លារ កើនឡើងជាង ៨ភាគរយ។
ផ្ទុយទៅវិញ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ប៉ុណ្ណោះ បានធ្លាក់ចុះជាង ៣២ភាគរយក្នុងរយៈពេល ៧ខែឆ្នាំនេះ ដោយសម្រេចបានទំហំទឹកប្រាក់ជាង ១,៦ពាន់លានដុល្លារប៉ុណ្ណោះ។ ក្នុងនោះ ការនាំចេញទំនិញកម្ពុជាទៅកាន់ប្រទេសថៃ ថយចុះជាង ១៤ភាគរយ ចំណែកការនាំចូលទំនិញថៃមកកម្ពុជាវិញថយចុះ ៣៧ភាគរយ។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា ពីខែមករាដល់ខែកក្កដា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) សម្រេចបានទឹកទំហំទឹកប្រាក់រហូតដល់ ២៨,២៧ពាន់លានដុល្លារ គឺកើនឡើងជិត ២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្ដាប្រទេសអាស៊ានវិញ បានកើនឡើងជាង ២០ភាគរយ រហូតដល់ជាង ១១,៦ពាន់លានដុល្លារ៕
ខន ណារី AMS


