អ៊ីរ៉ង់ ផ្លែផ្កាដាក់ អាមេរិក ថា មហាអំណាចយោធាធំបំផុតលើលោកនៅតែចាញ់សង្គ្រាម ទាំងមានជំនួយពីលោកខាងលិច
តេហេរ៉ង់ ៖ សហរដ្ឋអាមេរិកដែលជាមហាអំណាចយោធាធំបំផុតរបស់ពិភពលោកនៅតែចាញ់សង្គ្រាមជាមួយអ៊ីរ៉ង់ បើទោះបីជាមានប្រទេសលោកខាងលិចស្ទើរតែទាំងអស់ចាំជួយពីក្រោយក៏ដោយ ។ នេះបើតាមការអះអាងរបស់លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់នៅថ្ងៃអង្គារនេះ ។
បើតាម Anadolu, ការអះអាងរបស់លោក Abbas Araghchi កើតមានឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវកាលពីថ្ងៃចន្ទដល់អ៊ីរ៉ង់ឱ្យបោះបង់ចោលការតស៊ូ និងលើកទង់ ស សុំចុះចាញ់ទីក្រុងវ៉ាស៊ីនតោន ។
លោក Abbas Araghchi ថ្លែងថា អ៊ីរ៉ង់មិនសុំចុះចាញ់អាមេរិកនោះឡើយ ដោយសារតែទីក្រុងតេហេរ៉ង់បានទទួលជ័យជម្នះលើទីក្រុងវ៉ាស៊ីនតោនទាំងផ្នែកយោធា និងផ្នែកការទូត ។
លោកថា ដំបូងឡើយ ទីក្រុងតេហេរ៉ង់បានបដិសេធបទឈប់បាញ់ ហើយបន្តការប្រយុទ្ធរហូតដល់ចំណុចមួយ ដែលភាគីម្ខាងទៀតយល់ព្រមលើបទឈប់បាញ់ និងការចរចាតាមលក្ខខណ្ឌរបស់អ៊ីរ៉ង់ ហើយនៅទីបំផុត អ្នកដែលចង់ឱ្យទីក្រុងតេហេរ៉ង់ ចុះចាញ់ដោយគ្មានលក្ខខណ្ឌនោះ ក្រោយមក បែរជាស្វែងរកការចរចាទៅវិញ ។
ប្រមុខការទូតអ៊ីរ៉ង់រូបនេះ បន្តថា ទីក្រុងតេហេរ៉ង់បានតស៊ូទប់ទល់អស់រយៈពេលជាច្រើនថ្ងៃប្រឆាំងនឹងអ្វីដែលលោកបានពណ៌នាថា ជាកម្លាំងយោធាដ៏ធំបំផុតរបស់ពិភពលោក ។
លោកថា ក្រៅពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលដែលបានប្រយុទ្ធជាមួយអ៊ីរ៉ង់, សម្ព័ន្ធមិត្តរបស់ពួកគេជាច្រើនផ្សេងទៀត ដូចជាប្រទេសលោកខាងលិចស្ទើរតែទាំងអស់ ព្រមទាំងរដ្ឋមួយចំនួនទៀតទាំងក្នុង និងក្រៅតំបន់មជ្ឈិមបូព៌ា ក៏ប្រយុទ្ធជាមួយអ៊ីរ៉ង់ផងដែរ តាមរយៈការគាំទ្រពីចម្ងាយ ៕
ប្រភព៖ Anadolu ប្រែសម្រួល ៖ សារ៉ាត