អភិបាលខេត្តស្វាយរៀង ជំរុញការងាពង្រឹងប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ តាមតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រ
អភិបាលខេត្តស្វាយរៀង បានក្រើនរំលឹកដល់អាជ្ញាធរ មន្ទីរ-អង្គភាព និងសមត្ថកិច្ចជំនាញឱ្យ ផ្តល់ការគាំទ្របន្ថែមលើផ្នែកបច្ចេកទេស ដល់បណ្តារោងចក្រ សហគ្រាសទាំងអស់ក្នុងករណីចាំបាច់ ដើម្បីពង្រឹងកិច្ចការងារបង្ការ និងពន្លត់អគ្គិភ័យឱ្យកាន់តែមានប្រសិទ្ធភាព និងធានាសុវត្ថិភាពខ្ពស់។
ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានជំរុញបែបនេះក្នុងឱកាសឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពី «ប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ» ជូនដល់តំណាងតំបន់សេដ្ឋកិច្ចពិសេស និងបណ្តារោងចក្រសហគ្រាសនានាក្នុងខេត្ត កាលពីព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៦ នេះ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីបង្ការគ្រោះថ្នាក់អគ្គិភ័យនៅកន្លែងធ្វើការ និងតាមបណ្តារោងចក្រ បន្ថែមពីលើការប្រុងប្រយ័ត្ន ម្ចាស់សហគ្រាសត្រូវវាយតម្លៃហានិភ័យ និងរៀបចំប្រព័ន្ធបង្ការ ពន្លត់អគ្គិភ័យឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។
ឯកឧត្តម បានស្នើឱ្យម្ចាស់រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេស ចាត់តាំងឱ្យមានការត្រួតពិនិត្យ និងធ្វើតេស្តសាកល្បងឧបករណ៍សុវត្ថិភាពជាប្រចាំ ដូចជា បំពង់ពន្លត់អគ្គិភ័យ ប្រព័ន្ធបាញ់ទឹកស្វ័យប្រវត្តិ កណ្ដឹងប្រកាសអាសន្ន និងប្រព័ន្ធអគ្គិសនីជាដើម។ ចំពោះកន្លែងដែលមានប្រព័ន្ធសុវត្ថិភាពរួច ត្រូវបន្តធ្វើបច្ចុប្បន្នភាពឱ្យកាន់តែល្អប្រសើរ ហើយកន្លែងដែលមិនទាន់មាន ត្រូវតែចាត់ចែងរៀបចំជាចាំបាច់ ដើម្បីធានាសុវត្ថិភាពរួម៕
ដោយ៖ នុត នាង