សមាគមផលិតម្សៅដំឡូងមីវៀតណាម ប្តេជ្ញាទិញដំឡូងមីស្រស់ពីកម្ពុជាក្នុងតម្លៃសមស្រប
(ភ្នំពេញ)៖សមាគមផលិតម្សៅដំឡូងមីខេត្តតៃនិញនៃប្រទេសវៀតណាម បានប្តេជ្ញាចិត្តក្នុងការធានាតម្លៃ និងទិញដំឡូងមីស្រស់ពីកម្ពុជាក្នុងតម្លៃសមស្រប និងមានតុល្យភាព ដើម្បីធានាផលប្រយោជន៍ដល់កសិករ និងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែនឱ្យកាន់តែរឹងមាំ។
ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំសម្របសម្រួលដោយស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម រវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមផលិតម្សៅដំឡូងមីខេត្តតៃនិញ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ដំឡូងមីឆ្លងដែន។
នៅក្នុងជំនួបនេះសហព័ន្ធដំឡូងមីកម្ពុជា បានស្នើឱ្យភាគីវៀតណាមប្តូរទីតាំងប្រគល់-ទទួលទំនិញ មកធ្វើនៅត្រង់មាត់ច្រកព្រំដែនខាងកម្ពុជាវិញ និងបានស្នើឱ្យលុបចោលវិធីសាស្ត្រកាត់ភាគរយដី ដោយជំនួសមកវិញនូវការកំណត់តម្លៃតាមស្តង់ដារគុណភាពដំឡូងមីជាក់ស្តែង។
ជាលទ្ធផល ភាគីសមាគមដំឡូងមីខេត្តតៃនិញ បានយល់ព្រម និងប្តេជ្ញាដាក់ទិសដៅស្នើសុំទៅអង្គភាពពាក់ព័ន្ធ ដើម្បីជួយសម្រួលមធ្យោបាយដឹកជញ្ជូនតាមការស្នើសុំរបស់កម្ពុជា។
គួររំលឹកថា កិច្ចសហប្រតិបត្តិការនេះ គឺជាការបន្តវេនពីអនុស្សរណៈយោគយល់គ្នាដែលបានចុះហត្ថលេខាកាលពីចុងឆ្នាំ២០២៥ កន្លងទៅរវាងសហព័ន្ធដំឡូងមីកម្ពុជា និងតំណាងរោងចក្រកែច្នៃចំនួន ៣០ ក្នុងខេត្តតៃនិញ សំដៅធានាស្ថិរភាពតម្លៃ កាត់បន្ថយចំណាយដឹកជញ្ជូន និងបើកឱកាសទីផ្សារប្រកបដោយចីរភាពជូនដល់កសិករខ្មែរ។






ដោយ៖ ង៉ាន់ ទិត្យ