កម្លាំងជំនាញចុះបង្ក្រាបបទល្មើសជលផលនៅស្រុកព្រែកប្រសព្វ រុះរើរបាំងស្បៃមុងជាង ១,៦គីឡូម៉ែត្រ
កម្លាំងជំនាញរដ្ឋបាលជលផល សហការជាមួយអាជ្ញាធរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានចុះប្រតិបត្តិការបង្ក្រាប បទល្មើស ជលផលនៅតាមតំបន់ទំនាបលិចទឹក ដោយបានរុះរើ និងបំផ្លាញ ចោលឧបករណ៍នេសាទខុសច្បាប់ជាច្រើន ព្រមទាំងបានចាក់ លែងត្រីចម្រុះប្រមាណ ១០០គីឡូក្រាម ទៅក្នុងដែនទឹកធម្មជាតិវិញ។
នៅចុងសប្ដាហ៍នេះកម្លាំងខណ្ឌរដ្ឋបាលជលផលក្រចេះ និង ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ ចុះល្បាតដោយប្រើប្រាស់ទូកម៉ាស៊ីន ចំនួន ៤គ្រឿង នៅចំណុចបឹងក្បាលខ្មោច និងបឹងវែង ស្ថិតក្នុង ភូមិសាស្ត្រឃុំចំបក់ និងឃុំឫស្សីកែវ។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានរកឃើញ និងរុះរើបំផ្លាញចោល ឧបករណ៍នេសាទខុសច្បាប់ រួមមាន របាំងព្រួលស្បៃមុងចំនួន ១៥ខ្សែ ប្រវែងសរុប ១,៦៥០ម៉ែត្រ លូស្បៃមុង ១៧មាត់ និងបង្គោលចម្រឹងឫស្សី ចំនួន ២៥៥ដើម។ កម្លាំងជំនាញក៏បានសង្គ្រោះ និងចាក់លែងត្រី ចម្រុះទម្ងន់ប្រមាណ ១០០គីឡូក្រាម ដែលជាប់ក្នុងឧបករណ៍ ទាំងនោះទៅក្នុងទឹកធម្មជាតិវិញ។
សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ការប្រើប្រាស់ឧបករណ៍ស្បៃមុង គឺជាការបំផ្លិចបំផ្លាញធនធានមច្ឆជាតិយ៉ាងធ្ងន់ធ្ងរ ព្រោះវាចាប់យកទាំងត្រីតូចៗ និងធ្វើឱ្យរាំងស្ទះចរន្តទឹកក្នុងរដូវត្រីពងកូន។
ទន្ទឹមនឹងនេះ អាជ្ញាធរនិងសមត្ថកិច្ចជំនាញបានអំពាវនាវយ៉ាង ទទូច ដល់ប្រជានេសាទទាំងអស់ ឱ្យបញ្ឈប់ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ និងចូលរួមរាយការណ៍អំពីបទល្មើស ដើម្បីរួមគ្នារក្សា ធនធានត្រី ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕
ដោយ៖ ឡុង សំបូរ








