គ្រោះទឹកជំនន់ ៖ អាជ្ញាធរអំពាវនាវឲ្យប្រុងប្រយ័ត្ន ពិសេសចំពោះកុមារ
ក្រសួងសុខាភិបាល នាថ្ងៃទី២៥ ខែសីហានេះបានអំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់ ដែលកំពុងកើតមាននៅតាមតំបន់ទំនាបមួយចំនួន ហើយអាចបង្កហានិភ័យ ឬគ្រោះថ្នាក់ដល់អាយុជីវិត ជាពិសេសចំពោះកុមារ។ ក្រសួងសុខាភិបាលបានណែនាំឱ្យពលរដ្ឋ ត្រូវធ្វើរបងព័ទ្ធ ឬបោះបង្គោលចំណាំជុំវិញស្រះ ឬកន្លែងដែលមានទឹកជ្រៅ ហើយរាល់ពេលធ្វើដំណើរតាមកាណូត ឬទូក គឺត្រូវមានការពាក់អាវពោងសុវត្ថិភាពជានិច្ច។
ចំណែកក្រសួងអប់រំ យុវជន និងកីឡាវិញ ក៏ធ្លាប់បានណែនាំឱ្យឪពុកម្តាយ និងអាណាព្យាបាលគ្រប់រូប ត្រូវតែបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នទ្វេដងចំពោះកុមារនៅពេល ដែលទឹកកំពុងកើនឡើងនៅក្នុងរដូវវស្សានេះ ព្រោះមានហានិភ័យលង់ទឹកខ្ពស់។
ក្រសួងអប់រំ បានទទូចឱ្យឪពុកម្តាយ កុំបណ្តោយឱ្យកូនៗនៅម្នាក់ឯង ឬលេងទឹកដោយគ្មានការត្រួតពិនិត្យដិតដល់ពីមនុស្សពេញវ័យ។ ឪពុកម្តាយត្រូវណែនាំកូនៗកុំឱ្យទៅក្បែរតំបន់ទឹកជំនន់ ផ្លូវលិចទឹក ទន្លេ ស្ទឹង ប្រឡាយ ឬកន្លែងដែលមានចរន្តទឹកហូរខ្លាំង។ ជាមួយគ្នានេះ ក្រសួងអប់រំ បានជំរុញឱ្យឪពុកម្តាយ ឬអាណាព្យាបាល គួរផ្តល់លទ្ធភាពឱ្យកូនៗបានរៀនជំនាញហែលទឹក ដើម្បីឱ្យពួកគេមានលទ្ធភាពការពារខ្លួននៅពេលជួបគ្រោះអាសន្ន។
យោងតាមរបាយការណ៍ឆ្នាំ២០២៤របស់អង្គការសុខភាពពិភពលោក ជារៀងរាល់ឆ្នាំ ការលង់ទឹកបានឆក់យកជីវិតមនុស្សរហូតជាង ១ ៣០០នាក់នៅក្នុងប្រទេសកម្ពុជា។ ស្ថិតិនេះធ្វើឱ្យកម្ពុជាមានអត្រាលង់ទឹកដ៏ខ្ពស់ក្នុងពិភពលោក។ ការលង់ទឹកភាគច្រើនកើតឡើងទៅលើកុមារអាយុចាប់ពី ៥ឆ្នាំ ទៅ ១៤ឆ្នាំ ហើយក្មេងប្រុសប្រឈមនឹងហានិភ័យខ្ពស់ជាងក្មេងស្រីដល់ទៅជិតពីរដង។
លោកស្រី តិ សារ៉ាត់ នាយិកាប្រតិបត្តិ នៃអង្គការហែលទឹកកម្ពុជា (https://www.facebook.com/swim.cambodiaorgan/) បានប្រាប់បណ្តាញព័ត៌មាន AMS ថា ការលង់ទឹករបស់កុមារ កើតឡើងដោយសារកុមារខ្វះការតាមដានថែទាំពីមនុស្សពេញវ័យ កុមារមិនទាន់មានជំនាញហែលទឹក និងជំនាញសុវត្ថិភាពក្នុងទឹក ការធ្វើដំណើរ ឬធ្វើការនៅលើទូកដោយមិនពាក់អាវពោងសុវត្ថិភាព។
លោកស្រី បញ្ជាក់ថា ករណីលង់ទឹករបស់កុមារ អាចបង្ការតាមរយៈការតាមដានថែទាំ ការរៀបចំបរិស្ថានឱ្យមានសុវត្ថិភាព ការអប់រំអំពីសុវត្ថិភាពក្នុងទឹក ការបង្រៀនជំនាញហែលទឹក និងការជួយសង្គ្រោះប្រកបដោយសុវត្ថិភាព៕
សៅ សុខអេង


