កម្ពុជា-អូស្ត្រាលី-វៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា និងជំរុញពាណិជ្ជកម្ម
ភ្នំពេញ៖ មុន«សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (2nd ISC)» ចាប់ផ្តើមជាផ្លូវការ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានទទួលជួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយប្រធានរដ្ឋសភាអូស្ត្រាលី និងអនុប្រធានរដ្ឋសភាវៀតណាម ដើម្បីបន្តពង្រឹងទំនាក់ទំនងមិត្តភាព ការទូតសភា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ។
ក្នុងជំនួបជាមួយ ឯកឧត្តម មិលតុន ឌីក (Milton Dick) ប្រធានរដ្ឋសភាអូស្ត្រាលី សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានចាត់ទុកវត្តមានរបស់គណៈប្រតិភូអូស្ត្រាលីថា ជាសាក្សីបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង។
តបទៅកាន់សមភាគី ឯកឧត្តម មិលតុន ឌីក បានកោតសរសើរពីសមត្ថភាពដឹកនាំរបស់សម្តេចប្រធានរដ្ឋសភា និងគាំទ្រពេញទំហឹងចំពោះការរៀបចំសន្និសីទ ISC-2 ព្រមទាំងបានលើកឡើងពីបំណងពង្រឹងកិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរ តាមរយៈក្រុមមិត្តភាព និងសភាវ័យក្មេង។
គួររំលឹកថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ អូស្ត្រាលីបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាសរុបប្រមាណ ១.៤ពាន់លានដុល្លារ ហើយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនដល់ជាង ៦០០លានដុល្លារនៅឆ្នាំ២០២៥។ លើសពីនេះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណអូស្ត្រាលីចំពោះការចូលរួមសន្តិភាពនៅកម្ពុជា និងបានសម្តែងការគាំទ្រចំពោះ លោកជំទាវ កាទ្រីណា ឃូបពឺ (Katrina Cooper) អ្នកការទូតអូស្ត្រាលី ដែលទទួលធ្វើជាប្រធានគណៈកម្មាធិការសម្របសម្រួល ស្តីពីព្រំដែនសមុទ្រ និងតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ ដោយកម្ពុជាប្រកាន់ជំហរដោះស្រាយវិវាទដោយសន្តិវិធី និងស្វែងរក «យន្តការផ្សះផ្សាដោយបង្ខំ» ក្រោមអនុសញ្ញា UNCLOS។
ដោយឡែក ក្នុងជំនួបជាមួយ លោកជំទាវ ង្វៀន ធី ថាញ់ (Nguyen Thi Thanh) អនុប្រធានរដ្ឋសភាវៀតណាម រដ្ឋសភានៃប្រទេសទាំងពីរបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន ២០ពាន់លានដុល្លារអាម៉េរិក តាមទិសដៅដែលប្រមុខរដ្ឋាភិបាលបានដាក់ចេញ។
តាមទិន្នន័យជាក់ស្តែងទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម បានកើនឡើងដល់ ១១.៣៣ពាន់លានដុល្លារនៅឆ្នាំ២០២៥ ហើយត្រូវបានរំពឹងថានឹងកើនលើស ១២ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៦ នេះ។
ថ្នាក់ដឹកនាំសភានៃប្រទេសទាំងពីរ ក៏បានឯកភាពគ្នាក្នុងការធ្វើបច្ចុប្បន្នភាពលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០២២ ឱ្យស្របតាមសភាពការណ៍ជាក់ស្តែង ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រាប់ចាប់ពីការទូតសភា ទំនាក់ទំនងប្រជាជននិងប្រជាជន រហូតដល់វិស័យពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល អប់រំ សន្តិសុខ និងបច្ចេកឡូជីព័ត៌មាន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
សូមជម្រាបថា សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ក្រោមប្រធានបទ « សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី ប្រារព្ធបើកនៅព្រឹកថ្ងៃទី២៧ ខែសីហា នេះ។សន្និសីទមានរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៦ ដល់២៨ ខែសីហា មានការអញ្ជើញចូលរួមពីសភាជាង ២០ប្រទេស និងអង្គការអន្តរជាតិសំខាន់ៗចំនួន៨ ចូលរួមដូចជា ក្រុមប្រឹក្សាសកល ដើម្បីភាពអត់ឱន និងសន្តិភាព, សភាអាមេរិកឡាទីន និងការ៉ាអ៊ីប, អង្គការអន្តរសភាអាស៊ាន AIPA និងសហព័ន្ធសន្តិភាពសកល ៕






ដោយ៖ស៊ូ វណ្ណលុក
រូបថត៖ហេង សម្បត្តិ