ខេត្តស្ទឹងត្រែង ត្រៀមបង្កើតផ្លូវថ្មើរជើង ពង្រីកតំបន់កម្សាន្ត និងកន្លែងហាត់ប្រាណ
រដ្ឋបាលខេត្តស្ទឹងត្រែង គ្រោងនឹងបង្កើតផ្លូវថ្មើរជើងពេលរាត្រី ពង្រីកកន្លែងកម្សាន្ត កន្លែងហាត់ប្រាណ កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំឱ្យមានសណ្តាប់ធ្នាប់សាធារណៈឱ្យបានសា្អតបាតនៅក្នុងខេត្ត ដើម្បីបម្រើដល់ពលរដ្ឋ បង្កើនភាពអ៊ូអរ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរ។
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ពីគម្រោងនេះ ក្នុងពិធីបង្ហាញវឌ្ឍនភាពការងារសម្រេចបានប្រចាំឆមាសទី១របស់រដ្ឋបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។
ឯកឧត្តម សរ សុពុត្រា គ្រោងដាក់ឈ្មោះផ្លូវថ្មើរជើងកម្សាន្តពេលរាត្រី ក្នុងក្រុងស្ទឹងត្រែងនោះថា «ឦសានធានី»ដែលបើកបម្រើភ្ញៀវទេសចរនៅចុងសប្តាហ៍។
លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS បន្ថែមថា រដ្ឋបាលខេត្តនឹងបង្កើតផ្សារសហគមន៍ទេសចរណ៍ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅរមណីយដ្ឋានទេសចរណ៍អន្លង់ផ្សោតត្បូងខ្លា ស្ថិតនៅក្នុងស្រុកសូមបូក ឱ្យកាន់តែទាក់ទាញបន្ថែមទៀតផងដែរ។
បើតាមលោក អ៊ន់ ប៉ោសឿន គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ទាំងនេះ គ្រោងនឹងរៀបចំនៅ ខាងមុខនេះ ខណៈរដ្ឋបាលខេត្តកំពុងស្វែងរកដៃគូសហការរៀបចំ។
ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ ខេត្តស្ទឹងត្រែងទទួលបានភ្ញៀវទេសចរសរុបចំនួនជិត៦០ម៉ឺននាក់ គឺកើនឡើង៦៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
នៅក្នុងខេត្តស្ទឹងត្រែង មានបឹងកាឡូ និង Resort ចំនួន២៥កន្លែង រមណីយដ្ឋានប្រវត្តិសាស្ត្រចំនួន៣កន្លែង រមណីយដ្ឋានធម្មជាតិកែច្នៃ ២កន្លែង រមណីយដ្ឋានទេសចរណ៍ធម្មជាតិ១កន្លែង រមណីយដ្ឋានកសិទេសចរណ៍ចំនួន១កន្លែង និងសហគមន៍អេកូទេសចរណ៍ចំនួន៧កន្លែង៕
សៅ សុខអេង



